សេដ្ឋកិច្ច

នៅ​ដើមខែ​តុលា​នេះ តម្លៃ​ប្រេងឥន្ធនៈ​បន្ត​ធ្លាក់​ថ្លៃ​ថែមទៀត​

ភ្នំពេញ​៖គិត​ចាប់ពី​ថ្ងៃទី​ ០១ ដល់ ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២២នេះ តម្លៃ​ប្រេងឥន្ធនៈនៅ​កម្ពុជាបាន​បន្ត​ធ្លាក់​ថ្លៃ​ថែម​ទៀត​ក្នុង នោះ  សម្រាប់​ប្រេងសាំង​ធម្មតា ធ្លាក់​ថ្លៃ​ចំនួន ១០០ រៀល ខណៈ​ប្រេងម៉ាស៊ូត ធ្លាក់​ថ្លៃ​ចំនួន ១៥០ រៀល ក្នុង​មួយ​លីត្រ​។​នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ព្រឹក​ថ្ងៃទី​៣ ខែតុលា ។​

​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា​៖​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ ក្នុង​រយៈពេល ១០ ថ្ងៃនេះ សម្រាប់​ប្រេងសាំង ធម្មតា កំណត់​ត្រឹម​តម្លៃ ៤.២៥០ រៀល និង​ប្រេងម៉ាស៊ូត ៤ .៧០០ រៀល ក្នុង​១​លីត្រ​។​

​ប្រភព​ដដែល បាន​ឲ្យ​ដឹង​ទៀតថាៈ ផ្អែក​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ក្នុង​រយៈពេល​ដូចគ្នានេះ ត្រូវ​លក់ ៤.៥១៧ រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងសាំង​ធម្មតា EA92 និង ៤.៩៦៧ រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត ។​

​សូម​ជម្រាបជូន​ថា ការកំណត់​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា បើ​ធៀប​រយៈពេល ដូចគ្នា កាលពីដើម​ខែកញ្ញា កន្លង​ទៅ ប្រេងសាំង​ធម្មតា មានតម្លៃ ៤.៧០០ រៀលក្នុង​១​លីត្រ​។ចំណែក​ប្រេងម៉ាស៊ូត ថ្លៃ៥.៥០០ រៀលក្នុង​១​លីត្រ​៕ដោយៈផាវី