សេដ្ឋកិច្ច

ថ្ងៃទី​មួយ​នៃ​ការបើក​ដំណើរការ​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ មាន​យានយន្ត​ជិត ៩.០០០ គ្រឿង​

​ភ្នំពេញ​៖ យោងតាម​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បើ​គិតពី​ម៉ោង ៧:០០​នាទី​ព្រឹក ដល់​ម៉ោង ១៨:០០​នាទី​ល្ងាច ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២២​មាន​យានយន្ត​ចំនួន ៨.៩២៧ គ្រឿង បាននាំគ្នា​ធ្វើដំណើរ​លើផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ ដោយ​ចេញចូល​តាម​ស្ថានីយ​ទាំង​០៨​ទីតាំង​។ គេ​សង្កេតឃើញថា​មិន​ត្រឹម​តែមាន​អ្នកដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ ក្នុង​ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍​ប៉ុណ្ណោះ​ទេ លើសពីនេះទៅទៀត ក៏មាន​យានយន្ត​ដឹកជញ្ជូន​ដែល​ស្របតាម​លក្ខណៈ​បច្ចេកទេស ក៏បាន​យក​ឱកាស​នេះ​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​របស់ខ្លួន​ផងដែរ​។​

​ក្រសួង​សាធារណការ បានឱ្យដឹងថា​៖ ក្នុងចំណោម​យានយន្ត​ជិត​៩.០០០​គ្រឿង​នោះ ក៏មាន​ករណី​ដែល​ត្រូវការ ការប្រឹក្សា​យោបល់ សាក​សួរ​ព័ត៌មាន​និង​ស្វែងរក​ជំនួយ​សង្គ្រោះ​ផងដែរ ជា​សរុប​មាន​ចំនួន ៥២​ខ្សែ ដែល​បានធ្វើ​ការទាក់ទង​ទៅកាន់​លេខ​១៣៩៩ ក្នុង​ថ្ងៃនោះ​។​

​គួរបញ្ជាក់​ផងដែរ​ថា​៖ ការបើកបរ​លើផ្លូវ​ល្បឿន​លឿន តម្រូវឱ្យ​អ្នកបើកបរ និង​អ្នករួមដំណើរ​ទាំងអស់ ចូលរួម​សហការ​ក្នុងការ​ស្វែងយល់​ឱ្យបាន​ល្អិតល្អន់​ពី​សេចក្តីណែនាំ និង​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​ចំពោះ​លក្ខខណ្ឌ​ក្នុង​ការបើកបរ​លើផ្លូវ​នេះ ហើយ​ជាពិសេស​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ទើប​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​សុខ​សុវត្ថិភាព​​៕ដោយៈផាវី