ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុពិនិត្យដំណើរការ បើកសាកល្បងការប្រើប្រាស់ផ្លូវល្បឿន ព្រះសីហនុ-ភ្នំពេញ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០១ ខែតុលាឆ្នាំ២០២២នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យដំណើរការបើកសាកល្បងការប្រើប្រាស់ផ្លូវល្បឿន ព្រះសីហនុ- ភ្នំពេញ ត្រង់ចំណុចច្រកទី១ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ។

ឯកឧត្តមអភិបាល ក៏បានជួបជាមួយបុគ្គលិកប្រចាំការក្នុងបញ្ជរត្រួតពិនិត្យចរាចរណ៍ យានយន្តចេញ-ចូល  និងជួបសំណេះសំណាលជាមួយបងប្អូនជាម្ចាស់រថយន្តដែលធ្វើ ដំណើរលើផ្លូវល្បឿនលឿន ក្នុងថ្ងៃបើកសាកល្បងនេះ ជាមួយនឹងការអំពាវនាវឲ្យអ្នកបើកបរគោរព ច្បាប់ចរាចរណ៍ បើកបរតាមគន្លងផ្លូវដែលកំណត់សម្រាប់ឲ្យយាយន្តប្រើប្រាស់  និងបើកបរកុំឲ្យលើសល្បឿនកំណត់។

សុំបញ្ជាក់ថា “ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ” បើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ មន្ត្រីជំនាញផ្នែកបច្ចេកទេស ក្រសួងសាធារណការ ពន្យល់ប្រាប់ពីរបៀបនៃការបើកបរលើផ្លូវល្បឿនលឿន ត្រូវបានបែងចែកជា៣គន្លងទៅ និង៣គន្លងមក ដែលក្នុងនោះរួមមាន៖

ទី១-គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា, អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវបើកបរតាមគន្លងផ្លូវខាងស្ដាំ នៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា។

ទី២-គន្លងផ្លូវសម្រាប់ជែង, ក្នុងករណីសុំជែង អ្នកបើកបរយានយន្តត្រូវឱ្យសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច ៥វិនាទី ហើយត្រូវងាកទៅគន្លងផ្លូវខាងឆ្វេងនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ជែង។ នៅពេលជែងផុត អ្នកបើកបរត្រូវឱ្យសញ្ញាប្ដូរទិសខាងស្ដាំដើម្បីងាកចូលគន្លងផ្លូវសម្រាប់ ចរាចរណ៍ធម្មតាវិញ។

ទី៣-ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបរយានយន្តអាចប្រើប្រាស់គន្លងផ្លូវទាំង២បាន ដោយឡែករថយន្តធុនធ្ងន់ត្រូវប្រកាន់យកគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាដដែល។ ក្នុងករណីនេះ យានយន្តនៅតាមគន្លងផ្លូវណាមួយបើកបរលឿនជាង មិនចាត់ទុកជាការជែងឡើយ ហើយយានយន្តដែលស្ថិតនៅក្រោយគេត្រូវប្រើភ្លើងសញ្ញាអាសន្នជាដំណឹង។

ទី៤-គន្លងផ្លូវសម្រាប់ឈប់បន្ទាន់, ជាគន្លងផ្លូវសម្រាប់ឈប់ ក្នុងករណីយានយន្តខូច ឬមានបញ្ហាផ្សេងៗប៉ុណ្ណោះ។

ចំពោះល្បឿនបើកបរ” នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ​ត្រូវបានកំណត់​ដូចខាងក្រោម៖

-ល្បឿន 60 – 120km/h រថយន្តគ្រួសារ/ធុនស្រាល។

– ល្បឿន 60 – 100km/h រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ500cc/27kWឡើងទៅ។

– ល្បឿន 60 –  80km/h រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត។

*ករណីមានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា អ្នកបើកបរត្រូវអនុវត្តតាមជាកំហិត ជំនួសឱ្យគោលការណ៍ខាងលើ។

*ករណីផ្លូវកោង ច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ 40km/h ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ 60km/h។ ដោយឡែកកន្លែងដែលចាំបាច់ត្រូវបន្ថយ ល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ(Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ៕