ព័ត៌មានជាតិ

របរដេរស្លឹកឃុនមារ របស់អ្នករស់នៅលើខ្នងភ្នំគូលែន ខេត្តសៀមរាប

សៀមរាប៖ ប្រជាពលរដ្ឋរស់នៅតាមភូមិមួយចំនួននៃឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប លើខ្នងភ្នំគូលែន មានមុខរបរមួយប្លែកពីគេ ដែលតំបន់ជាច្រើនទៀតហាក់មិនធ្លាប់ឃើញមានទេ។

មុខរបរប្លែកនោះ គឺពួកគាត់ដើរបេះស្លឹកឈើម្យ៉ាង ដែលមានដុះនៅលើខ្នងភ្នំគូលែន ឈ្មោះថាស្លឹក(ឃុនមារ) យកមកដេរធ្វើជាស្លឹកកណ្ដប សម្រាប់យកទៅប្រក់ផ្ទះ ឬក៏រោងផ្សេងៗ ដូចជានៅតំបន់ដទៃទៀតគេក្រងស្បូវយកទៅប្រក់ផ្ទះដូច្នោះដែរ។

ទីភ្នាក់ងារទេសចរណ៍សហគមន៍ លោក គ្រួច លី ឱ្យដឹងថា បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋ ដែលរស់នៅភូមិថ្មី ភូមិអន្លង់ធំ និងភូមិតាហាន នៃឃុំខ្នងភ្នំ ជាច្រើនគ្រួសារ បាននាំគ្នាប្រកបមុខរបរដើរបេះស្លឹកឃុនមារ ដើម្បីយកមកដេរទុកលក់ឱ្យអ្នកដែលត្រូវការទិញយកទៅប្រើប្រាស់។

មុខរបរនេះគឺជាការងាររកកម្រៃបន្ថែមសម្រាប់ជួយទ្រទ្រង់ជីវភាពគ្រួសារប្រចាំថ្ងៃ បន្ទាប់ពីពួកគេធ្វើស្រែចម្ការ។

ជារៀងរាល់ថ្ងៃ ក្រុមអ្នកភូមិតែងនាំគ្នាចាកចេញពីផ្ទះ ដោយចំណាយពេលជាច្រើនម៉ោង ដើម្បីរកបេះស្លឹកឃុនមារនៅតាមព្រៃ ព្រមទាំងកាប់ផ្ដៅនិងបោចវល្លិ យកមកដេរស្លឹកនោះផង។

លោក គ្រួច លី ឱ្យដឹងទៀតថា៖ ស្លឹកឃុនមារនេះ កាលណាគេបេះយកមកពីព្រៃភ្លាម គឺដេរភ្លាម ដោយមិនអាចទុកឱ្យស្ងួតក្រៀមទេ។គ្រួសារខ្លះបានបែងចែកសមាជិក ក្នុងការប្រកបមុខរបរដេរស្លឹកនេះ ដោយចាត់ឱ្យមនុស្សចាស់នៅផ្ទះចាំដេរ រីឯក្មេងៗមានកូន ឬចៅជាអ្នកចូលទៅក្នុងព្រៃដើម្បីបេះស្លឹក។ បើគ្រួសារណាមានគ្នាច្រើន ហើយបែងចែកគ្នាធ្វើការរបៀបនេះ គឺក្នុង១ថ្ងៃៗអ្នកនៅផ្ទះអាចដេរស្លឹកឃុនមារ បានទំហំប្រហែលពី៣ទៅ៥ម៉ែត្រ។

ចំណែកគ្រួសារខ្លះមិនមានគ្នាច្រើនទេ គឺចេញពីផ្ទះទៅដើរបេះស្លឹកផង រួចហើយនាំយកមកផ្ទះវិញទើបដេរនោះ គឺអាចដេរបានតែទំហំពី១,៥ទៅ២ម៉ែត្រទេក្នុង១ថ្ងៃ។

ស្លឹកឃុនមារត្រូវបានអ្នករស់នៅខេត្តសៀមរាបភាគច្រើនបានស្គាល់ តែសម្រាប់អ្នករស់នៅខេត្តផ្សេងវិញគឺមិនសូវជាបានស្គាល់វាឡើយ។ ស្លឹកនេះថ្វីត្បិតតែគេដេរវាយកទៅប្រក់ផ្ទះ ឬរោងដូចជាស្បូវដែរ ក៏ប៉ុន្តែគុណសម្បត្តិរបស់វាគឺពិសេសជាងស្បូវឆ្ងាយណាស់ ដូចជាវាមិនឆាបឆេះភ្លើងទេ ហើយការប្រក់ដំបូលទៀតសោតគឺវាប្រើបានរយៈពេលយូរជាងស្បូវ។

បច្ចុប្បន្ននេះ ស្លឹកឃុនមារ ដែលអ្នកភូមិដេរសម្រាប់លក់ឱ្យអ្នកត្រូវការទិញយកទៅប្រើប្រាស់នោះ  អាចចាត់ទុកថាវាមានតម្លៃសមរម្យដែរ គឺក្នុងទំហំ១ម៉ែត្រ ស្លឹកដេរហើយថ្លៃចាប់ពី១៥.០០០រៀល ទៅ២០.០០០ម៉ឺនរៀល។

នៅតំបន់ខ្នងគូលែន គឺមានរបស់ប្លែក២យ៉ាង ដែលតែងតែធ្វើឱ្យអ្នកទេសចរចាប់អារម្មណ៍ នៅពេលដែលគេឡើងទៅលេងកម្សាន្តម្ដងៗ។

របស់ទាំង២យ៉ាងនោះ គឺការដេរស្លឹកឃុនមារយកទៅប្រក់ផ្ទះ ឬក៏រោង ហើយរបស់មួយទៀត គឺផ្លែចេក ដែលទុំទៅមានពណ៌ស្វាយក្រមៅ។ វត្ថុទាំងពីនេះ អាចសម្បូរតែនៅលើខ្នងភ្នំគូលែនទេ ឯតំបន់ដទៃទៀតគេមិនសូវប្រទះឃើញឡើយ៕