កម្សាន្ដ

ខេត្តកំពង់ចាមបញ្ជូនក្រុមល្ខោនបាសាក់ចូលរួមប្រឡងនៅមហោស្រពល្ខោនបាសាក់

កំពង់ចាម៖រដ្ឋបាលខេត្តកំពង់ចាមបានបញ្ជូនក្រុមសិល្បៈមហាជន ដើម្បីចូលរួមប្រកួតប្រជែង ជាមួយក្រុមល្ខោនបាកសាក់ខេត្ត និងរាជធានីចំនួន បួន ផ្សេងទៀតនៅមហោស្រពល្ខោនបាសាក់ នាយកដ្ឋានសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់៤តុលាខាងមុខនេះ។

លោក សឹង ភារុំ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ចាមបានឱ្យដឹងនៅក្រោយបញ្ចប់ការសំណេះសំណាលជាមួយលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម និងសហការី ជាមួយក្រុមសិល្បៈផ្នែកល្ខោនបាសាក់និងមន្រ្តី នៃមន្ទីរនេះកាលពីថ្ងៃទី៣០កញ្ញាថា៖ក្រុមល្ខោនបាសាក់ដែលត្រូវចូលរួមប្រកួតប្រជែងមួយក្រុមនេះ ជាក្រុមសិល្បៈមហាជន របស់លោក ស៊ាន សុផល ហៅនាយប៉េងប៉េះ ដែលសមាជិកជាតួសម្តែងសរុបចំនួន ២០ នាក់។

លោកប្រធានមន្ទីរវប្បធ៌ និងវិចិត្រសិល្បៈរូបនេះបានឱ្យដឹងទៀតថា៖ក្រុមល្ខោនបាសាក់ឈ្មោះមហាជននេះបានធ្លាប់ចូលរួមប្រកួត ជម្រុះជាមួយក្រុមល្ខោនបាសាក់ពីបណ្តារាជធានី ខេត្តសរុបចំនួន ២៥ នាពេលកន្លងមកហើយបានជាប់ជាមួយខេត្ត រាជធានីចំនួន ប្រាំ សម្រាប់វគ្គផ្តាច់ព្រ័ត្រនៅនាយកដ្ឋានសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាប់ពីថ្ងៃទី ៣ ដល់ ៤ ខែតុលា ឆ្នាំ២០២២ នេះមានក្រុមល្ខោនបាសាក់ៈ រាជធានីភ្នំពេញ, ខេត្តកំពង់ចាម, ខេត្តកណ្តាល, ខេត្តកែប និងខេត្តបន្ទាយមានជ័យ។

នៅក្នុងឱកាសសំណេះសំណាលលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា៖  សូមខិតខំប្រឹងប្រែងលើកកម្ពស់នូវតម្លៃវប្បធម៌ជាតិយើង ដោយប្រកាន់ភ្ជាប់នូវគោលការណ៍ រក្សាវប្បធម៌ជាតិយើងឱ្យបានថ្កុំថ្កើង តាមរយៈការចូលរួមពីភាគីពាក់ព័ន្ធ គឺរួមគ្នាចែករំលែកធ្វើយ៉ាងណាការពារនូវអ្វីដែលជាអត្តសញ្ញាណរបស់ខេត្ត។ ជាពិសេសសិល្បៈផ្នែកល្ខោនបាសាក់ខេត្តកំពង់ចាមនេះ គឺល្បីខ្ទរខ្ទារទូទាំងប្រទេស ទទួលបានការចាប់អារម្មណ៍ ទាក់ទាញពីប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋានទូទៅ នរណាក៏ចង់ទស្សនាដែរ។

លោកអភិបាលខេត្តកំពង់ចាមបានបន្តថា៖ អ៊ីចឹងពេលនេះជាឱកាស នៃការប្រកួតប្រជែងចាប់ពីថ្ងៃទី ១ ដល់ ៤ ខែតុលា គឺជាឱកាស នៃការប្រជែងសមត្ថភាព ដែលត្រូវធ្វើឱ្យបានលទ្ធផលល្អប្រសើរទទួលបានការគាំទ្រមកវិញ គឺយើងអាចពិភាក្សាគ្នាបង្កើតជាក្រុមសម្តែងមួយ ដើម្បីនាំមកនូវការរីកចម្រើនលើវិស័យសិល្បៈបុរាណមួយនេះ និងសូមជូនពរក្រុមសិល្បៈមហាជនទទួលបានជោគជ័យទាំងអស់គ្នា។

សូមបញ្ជាក់ថាបន្ទាប់ពីការសំណេះសំណាលលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាមបានជួយឧបត្ថម្ភដល់ក្រុមសិល្បៈមហាជនល្ខោនបាសាក់ទាំង២០នាក់ដែលត្រូវចូលរួមប្រកួតប្រជែងដណ្តើមជ័យលាភីក្នុងម្នាក់២០ម៉ឺនរៀលនិងសោហ៊ុយនៃការធ្វើដំណើរចំនួនមួយលាន រៀលបន្ថែមទៀត៕ដោយ៖គង់ហេង