កីឡា

លោក Conte ច្រានចោលការលើកឡើងពីការវិលទៅ Juve វិញ

អ្នកចាត់ការក្រុម Tottenham Hotspur (Spurs) លោក Antonio Conte កាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់ដល់ការលើកឡើងដោយមិនគោរព ដែលអះអាងថា គាត់អាចនឹងចាកចេញពីក្លិប នៅក្របខ័ណ្ឌ Premier League ដើម្បីចូលរួមជាមួយក្រុមសេះបង្កង់ Juventus ជាថ្មីម្ដងទៀត។

លោក Conte ត្រូវបានផ្សារភ្ជាប់នឹងការផ្លាស់ទៅក្រុម Juve បន្ទាប់ពីការចាប់ផ្តើមមិនល្អរបស់ក្លិបយក្ស នៅក្របខ័ណ្ឌ Serie A នារដូវកាលនេះ។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលី ដែលកិច្ចសន្យារបស់គាត់ជាមួយក្រុម Spurs ត្រូវផុតកំណត់នៅបញ្ចប់រដូវកាលនេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុម Juve បន្ទាប់ពីធ្លាប់បានឈ្នះពានរង្វាន់ នៅទីក្រុង Turin ទាំងក្នុងនាមជាកីឡាករ និងអ្នកចាត់ការ។

ដោយដឹកនាំក្រុម Spurs ឱ្យដណ្ដើមបានសិទ្ធិទៅលេង នៅក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន មុនពេលមកសម្រេចបាននូវការចាប់ផ្តើម ដែលមិនចាញ់សោះ ក្នុងរដូវកាលថ្មីនៃក្របខ័ណ្ឌកំពូលរបស់អង់គ្លេស គុណសម្បត្តិរបស់លោក Conte កំពុងមានកម្រិតខ្ពស់ឡើងៗ។

តែទោះបីជាមានរបាយការណ៍ថា លោក Massimiliano Allegri អាចត្រូវបានបញ្ចប់តួនាទីជាគ្រូបង្វឹក បន្ទាប់ពីក្រុម Juve ឈ្នះតែ ២ដងប៉ុណ្ណោះ ក្នុងចំណោមការប្រកួត ៧លើកដំបូង នៅ Serie A ក៏ដោយ ក៏លោក Conte នៅតែប្រកាន់ជំហរថា គាត់នៅតែមានការប្តេជ្ញាចិត្តជាមួយក្រុម Spurs។

លោក Conte បានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំគិតថា នេះគឺជាការមិនគោរព សម្រាប់គ្រូបង្វឹករបស់ក្រុម Juventus និងមិនគោរព ចំពោះខ្ញុំដែលធ្វើការឱ្យក្រុម Spurs ។ យើងទើបតែចាប់ផ្តើមរដូវកាល។ ជាច្រើនដងហើយ ខ្ញុំបាននិយាយអំពីប្រធានបទនេះ ហើយខ្ញុំតែងតែនិយាយថា ខ្ញុំសប្បាយចិត្ត និងរីករាយជាមួយពេលវេលារបស់ខ្ញុំ នៅក្លិប Spurs»។

«ប្រាកដណាស់ ខ្ញុំរីករាយនឹងពេលវេលា ក្នុងការធ្វើការឱ្យក្រុម Spurs។ ខ្ញុំមានទំនាក់ទំនងយ៉ាងល្អជាមួយម្ចាស់ក្លិប។ ខ្ញុំមិនឃើញមានបញ្ហាអ្វី សម្រាប់អនាគតនោះទេ។ នាពេលខាងមុខ ខ្ញុំមិនចង់ស្តាប់អ្នកណាម្នាក់និយាយអំពីរឿងនេះទៀតទេ ព្រោះវាជាការមិនគោរព ចំពោះគ្រូបង្វឹកម្នាក់ទៀត និងចំពោះខ្ញុំផងដែរ»។ លោក Conte បានបន្ថែម៕