សេដ្ឋកិច្ច

មក​ដឹង​ពី​តម្លៃ​សម្រាប់​ការធ្វើដំណើរ​ឆ្លងកាត់​លើផ្លូវ​ល្បឿន​លឿន​

ភ្នំពេញ​៖ ក្រោយពី​ការសាងសង់​រួច​ជា​ស្ថាពរ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ នៅ​ថ្ងៃទី​០១ ខែតុលា​ឆ្នាំ​២០២២​នឹង​បើក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើ​សាកល្បង​ដោយ​មិន​គិតថ្លៃ​រយៈពេល​មួយខែ​ពេញ​។​បន្ទាប់ពី​ការអនុញ្ញាតឱ្យ​ប្រើប្រាស់​មិន​គិតថ្លៃ នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ ២០២២ នឹង​ចាប់ផ្តើម​គិតលុយ​។​

​ទាក់ទង​នឹង​តម្លៃ​នេះ ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​បានបង្ហាញ​តារាង​តម្លៃ​សម្រាប់​ការធ្វើដំណើរ​ឆ្លងកាត់​លើផ្លូវ​ល្បឿន​លឿន​លើកដំបូង​នៅ​កម្ពុជា​នេះ​ផងដែរ​។ តម្លៃ​សម្រាប់​ការធ្វើដំណើរ​លើផ្លូវ​ល្បឿន​លឿន​នេះ ចែកចេញជា​៥​ប្រភេទ​ដូ​ខាងក្រោម​៖

​ប្រភេទ​ទី​១៖ ទោចក្រយានយន្ត​ដែលមាន​ទំហំ​ស៊ីឡាំង​ចាប់ពី ៦០០​សេ​សេ​ឡើង​, រថយន្ត​គ្រួសារ​/​រថយន្ត​ដឹកទំនិញ (​គ្រួសារ​) ផ្ទុក​មិន​លើ​ពី ៧​នាក់​, រថយន្ត​ដឹកទំនិញ​ធុន​ស្រាល ផ្ទុក​មិន​លើសពី​២​តោន តម្លៃ ០.០៦៤​ដុល្លារ ក្នុង​មួយ​គីឡូម៉ែត្រ សម្រាប់​ឆ្នាំ​ដំបូង នៅ​ឆ្នាំ​បន្ទាប់​តម្លៃ ០.០៨​ដុល្លារ​ក្នុង​មួយ​គីឡូម៉ែត្រ​។​

​ប្រភេទ​ទី​២៖ រថយន្ត​ដឹក​អ្នកដំណើរ​ផ្ទុក​ចាប់ពី ៨​នាក់ ដល់ ១៩​នាក់​, រថយន្ត​ដឹកទំនិញ​ផ្ទុក​ចាប់ពី ២​តោន ដល់ ៥​តោន តម្លៃ ០.១២៨​ដុល្លារ ក្នុង​មួយ​គីឡូម៉ែត្រ សម្រាប់​ឆ្នាំ​ដំបូង នៅ​ឆ្នាំ​បន្ទាប់ តម្លៃ ០.១៦​ដុល្លារ ក្នុង​មួយ​គីឡូម៉ែត្រ​។​

​ប្រភេទ​ទី​៣៖ រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ ផ្ទុក​ចាប់ពី ២០​នាក់ ដល់ ៥៦​នាក់​, រថយន្ត​ដឹកទំនិញ​ផ្ទុក​ចាប់ពី ៥​តោន ដល់ ១០​តោន តម្លៃ ០.១៩២​ដុល្លារ ក្នុង​មួយ​គីឡូម៉ែត្រ សម្រាប់​ឆ្នាំ​ដំបូង នៅ​ឆ្នាំ​បន្ទាប់​តម្លៃ ០.២៤​ដុល្លារ​។​

​ប្រភេទ​ទី​៤៖ រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ផ្ទុក​ចាប់ពី ១០​តោន ដល់ ២០​តោន តម្លៃ ០.២៥៦​ដុល្លារ​ក្នុង​មួយ​គីឡូម៉ែត្រ​សម្រាប់​ឆ្នាំ​ដំបូង នៅ​ឆ្នាំ​បន្ទាប់​តម្លៃ ០.៣២​ដុល្លារ​សម្រាប់​មួយ​គីឡូម៉ែត្រ​។​

​ប្រភេទ​ទី​៥៖ រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់ ផ្ទុក​លើសពី​២០​តោន​ឡើងទៅ (​គិត​ទាំង​រ៉ឺម៉ក​សណ្តោង​) តម្លៃ ០.៣២​ដុល្លារ ក្នុង​មួយ​គីឡូម៉ែត្រ សម្រាប់​ឆ្នាំ​ដំបូង នៅ​ឆ្នាំ​បន្ទាប់​តម្លៃ ០.៤០​ដុល្លារ​ក្នុង​មួយ​គីឡូម៉ែត្រ​៕ដោយៈសិរីមតី