សេដ្ឋកិច្ច

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ចាប់ផ្តើម​បើក​ឱ្យធ្វើ​ចរាចរណ៍​នៅ​ច្រក​ទាំង​៨​ចាប់ពី​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១​ខែតុលា​

​ភ្នំពេញ​៖​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​នឹង​បើក​ឱ្យ​យានយន្ត​ចាប់ផ្ដើម​ធ្វើចរាចរ​ណ៍​ចេញ​-​ចូល​សាកល្បង​នៅ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២២ ដោយ​ឥតគិតថ្លៃ​រយៈពេល​០១​ខែ ចាប់ពី​ម៉ោង ០៧៖០០​នាទី​ព្រឹក​តទៅ នៅ​គ្រប់​ច្រកចេញ​-​ចូល​ទាំងអស់ ។​

​ច្រក​ទាំង​៨​នេះ រួមមាន​៖ ច្រក​ទី​១ ភ្នំពេញ​(​ផ្លូវ​កប់​ស្រូវ​) គីឡូម៉ែត្រ ៣​។​ច្រក​ទី​២ កំពង់ស្ពឺ​កើត គីឡូម៉ែត្រ ២៦​។​ច្រក​ទី​៣ កំពង់ស្ពឺ​លិច គីឡូ ម៉ែត្រ​៤៣​។ ច្រក​ទី​៤​ត្រែងត្រយឹង គីឡូម៉ែត្រ​៧៦​។​ច្រក​ទី​៥ កំពង់​សិលា​គីឡូម៉ែត្រ​១១៤​។​ច្រក​ទី​៦ ស្រែអំបិល​គីឡូម៉ែត្រ​១៣៥​។​ច្រក​ទី​៧ ស្ទឹងហាវ គីឡូម៉ែត្រ​១៧២​និង​ច្រក​ទី​៨ ព្រះសីហនុ​គីឡូម៉ែត្រ ១៨២​។​

​ជាមួយគ្នានេះដែរ ក្រសួង​សាធារណការ​ក៏បាន​បង្ហាញ​លក្ខខណ្ឌ​គួរ​យល់ដឹង​អំពី “​ការប្រើប្រាស់​គន្លង​ផ្លូវ និង​របៀប​វ៉ា​ជែង​” លើផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ​។

ផ្លូវ​ល្បឿន​លឿន ត្រូវបាន​បែងចែក​ជា​៣​គន្លង​ទៅ និង​៣​គន្លង​មក ដែល​ក្នុងនោះ​រួមមាន​៖
-​គន្លង​ផ្លូវ​សម្រាប់​ចរាចរណ៍​ធម្មតា៖ ​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ ត្រូវ​បើកបរ​តាម​គន្លង​ផ្លូវ​ខាងស្ដាំ​នៃ​ផ្លូវ​ល្បឿន​លឿន​ដែលជា​គន្លង​ផ្លូវ​សម្រាប់​ចរាចរណ៍​ធម្មតា​។​
-​គន្លង​ផ្លូវ​សម្រាប់​ជែង​៖​ក្នុងករណី​សុំ​ជែង អ្នកបើកបរ​យានយន្ត​ត្រូវឱ្យ​សញ្ញា​ប្ដូរ​ទិស​ខាងឆ្វេង​យ៉ាងតិច ៥​វិនាទី ហើយ​ត្រូវ​ងាក​ទៅ​គន្លង​ផ្លូវ​ខាងឆ្វេង​នៃ​ផ្លូវ​ល្បឿន​លឿន​ដែលជា​គន្លង​ផ្លូវ​សម្រាប់​ជែង​។ នៅពេល​ជែង​ផុត អ្នកបើកបរ​ត្រូវឱ្យ​សញ្ញា​ប្ដូរ​ទិស​ខាងស្ដាំ​ដើម្បី​ងាក​ចូល​គន្លង​ផ្លូវ​សម្រាប់​ចរាចរណ៍​ធម្មតា​វិញ​។​

ក្នុងករណី​ចរាចរណ៍​មមាញឹក អ្នកបើកបរ​យានយន្ត​អាច​ប្រើប្រាស់​គន្លង​ផ្លូវ​ទាំង​២​បាន ដោយឡែក​រថយន្ត​ធុន​ធ្ងន់​ត្រូវប្រកាន់យក​គន្លង​ផ្លូវ​សម្រាប់​ចរាចរណ៍​ធម្មតា​ដដែល​។ ក្នុងករណីនេះ យានយន្ត​នៅតាម​គន្លង​ផ្លូវ​ណាមួយ​បើកបរ​លឿន​ជាង មិន​ចាត់ទុក​ជាការ​ជែង​ឡើយ ហើយ​យានយន្ត​ដែល​ស្ថិត​នៅក្រោយ​គេ​ត្រូវ​ប្រើ​ភ្លើង​សញ្ញា​អាសន្ន​ជា​ដំណឹង​។​
-​គន្លង​ផ្លូវ​សម្រាប់​ឈប់​បន្ទាន់​៖​ជា​គន្លង​ផ្លូវ​សម្រាប់​ឈប់ ក្នុងករណី​យានយន្ត​ខូច ឬ​មាន​បញ្ហា​ផ្សេងៗ​ប៉ុណ្ណោះ​៕ដោយៈផាវី