សេដ្ឋកិច្ច

នៅពេល​រថយន្ត​ខូច លើផ្លូវ​ល្បឿន​លឿន តើ​ត្រូវធ្វើ​ដូចម្តេច​?

​ភ្នំពេញ​៖​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានបង្ហាញ​ពី​លក្ខខណ្ឌ​គួរ​យល់ដឹង​អំពី”ការដោះស្រាយ​នៅពេល​ថយ​ន្ត​ខូចនិង​ការស្វែង រក​ជំនួយ ” លើផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ​។​

​នៅពេល​យានយន្ត​ខូច អ្នកបើកបរ​ត្រូវ​បើកបរ ឬ​រុញ​រថយន្ត​មក​ខាងស្ដាំ​តាម​គន្លង​ផ្លូវ​សម្រាប់​ឈប់​បន្ទាន់​កៀក​នឹង​រនាំង​សុវត្ថិភាព រួច​ត្រូវ​បើកភ្លើង​សញ្ញា​អាសន្ន​និង​ត្រូវដាក់​ចំណាំងផ្លាត​ពណ៌​ក្រហម​រាង​ត្រីកោណចម្ងាយ​យ៉ាងតិច​១០០​ម៉ែត្រពីក្រោយ​រថយន្ត​។ ប្រសិនបើ​ពេល យប់​ងងឹត ឬ​ពេល​ថ្ងៃ​មាន​ភ្លៀង​ធ្លាក់ ត្រូវ​បើកភ្លើង​សញ្ញា​អាសន្ន បើកភ្លើង​ទីតាំង​(​ភ្លើង​ដឺ​មី​)​ខាងមុខ និង​ភ្លើង​ក្រហម​ខាងក្រោយ ហើយ​ត្រូវដាក់​ចំណាំងផ្លាត​ពណ៌​ក្រហម​រាង​ត្រីកោណ ពីក្រោយ​រថយន្ត​ចម្ងាយ​យ៉ាងតិច ២០០​ម៉ែត្រ​។​

​ក្នុងករណីនេះ អ្នកបើកបរ​រថយន្ត​អាច​ឈប់ ឬ​ចត​ដើម្បី​ត្រួតពិនិត្យ ឬ​ជួសជុល​រថយន្ត​ក្នុង​រយៈពេល​មិន​លើស​៣០​នាទី​ឡើយ​ហើយ​អ្នកបើកបរ​ត្រូវ​រៀប​ច​ឱ្យ​អ្នករួមដំណើរ​ទាំងអស់​ទៅកាន់​ទី​សុវត្ថិភាព​ដែល​ស្ថិត​នៅក្រៅ​រនាំង​ការពារ​។​ក្នុងករណី​រថយន្ត​ខូច​មាន​បញ្ហា​ពិបាក​ដោះស្រាយ​អ្នកបើកបរ​ត្រូវ​ស្នើសុំ​ជំនួយ​ពី​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​តាម​លេខ​ទូរ​សព្ទ​បន្ទាន់​១៣៩៩​។​

​នៅពេល​ជួសជុល​រួចរាល់ ដើម្បី​ងាក​ចូលទៅ​គន្លង​ផ្លូវ​សម្រាប់​ចរាចរណ៍​ធម្មតា​វិញ​អ្នកបើកបរ​ត្រូវ​បង្កើនល្បឿន​តាម​គន្លង​ផ្លូវ​សម្រាប់​ឈប់​បន្ទាន់​និង​ឱ្យ​ភ្លើង​សញ្ញា​ប្ដូរ​ទិស​ខាងឆ្វេង​យ៉ាងតិច​៥​វិនាទី ដោយ​មិន​ត្រូវឱ្យ​រំខាន​ដល់​ចរាចរណ៍​យានយន្ត​ផ្សេង​ទៀតឡើយ​៕ដោយៈផាវី