កីឡា

ការបោះចេកដាក់ Richarlison បង្ហាញថា ការរើសអើងជាតិសាសន៍ មិនត្រូវបានដោះស្រាយ

លោក Emile Heskey ដែលជាអតីតខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Liverpool និងក្រុមជម្រើសជាតិអង់គ្លេស បានចោទសួរថា តើវិស័យកីឡាបាល់ទាត់ នឹងធ្វើដំណើរឆ្ពោះទៅមុខ ក្នុងការដោះស្រាយ ចំពោះបញ្ហានៃការរើសអើងជាតិសាសន៍ដែរ ឬទេ?

បន្ទាប់ពីស៊ុតបញ្ចូលទីឱ្យក្រុមជម្រើសជាតិប្រេស៊ីល ក្នុងជ័យជម្នះ ៥-១ លើក្រុមទុយនីស៊ី នៅកីឡដ្ឋាន Parc des Princes ក្នុងក្រុងប៉ារីស កាលពីថ្ងៃអង្គារ ខ្សែប្រយុទ្ធ Richarlison របស់ក្រុម Tottenham Hotspur (Spurs) ត្រូវបានគេគប់ចេកដាក់ចេញពីកន្លែងអង្គុយ។

កីឡាកររូបនេះ បានសម្តែងការខឹងសម្បាយ៉ាងខ្លាំង ក្រោយចប់ការប្រកួត ហើយបានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង បើទោះបីជាមានការសង្ស័យថា អាចនឹងមានចំណាត់ការខ្លាំងក្លា ចំពោះអ្នកប្រព្រឹត្តក៏ដោយ។

ក្នុងបទសម្ភាសន៍ជាមួយបណ្ដាញសារព័ត៌មាន Stats Perform លោក Heskey ក៏មិនប្រាកដថា ការដាក់ទណ្ឌកម្មណាមួយ នឹងគ្រប់គ្រាន់នោះទេ ហើយបានលើកឡើងពីការព្រួយបារម្ភកាន់តែខ្លាំងឡើងថា តើការរើសអើងជាតិសាសន៍ ឬពណ៌សម្បុរ ត្រូវបានដោះស្រាយដោយអាជ្ញាធរបាល់ទាត់យ៉ាងដូចម្ដេច?

លោក Heskey បាននិយាយថា៖ «វាជារឿងពិបាកសម្រាប់ខ្ញុំក្នុងការពិភាក្សាប្រាកដប្រជា ព្រោះយើងមិនទាន់ធ្វើដំណើរឆ្ពោះទៅមុខ (ធ្វើឱ្យមានភាពប្រសើរ) នៅឡើយទេ ហើយតើយើងនឹងដើរទៅមុខ ឬអត់? នោះជាសំណួរ ដែលខ្ញុំកំពុងបន្តសួរ តើយើងនឹងដើរទៅមុខ ឬអត់?»។

«យើងបន្តសួររឿងដ៏ជាក់លាក់ពិតប្រាកដ។ យើងបន្តនិយាយថា យើងកំពុងមានភាពកាន់តែប្រសើរឡើងៗ ហើយយើងបន្តដំណើរទៅមុខ។ តែនិយាយដោយត្រង់ យើងនឹងមិនរីកចម្រើនអ្វីទាំងអស់ ពោលគឺយើងនៅនឹងថ្កល់មួយកន្លែង»។ លោក Heskey បានបន្ថែម។

លោក Heskey ដែលជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេទី៧ ក្នុងប្រវត្តិសាស្ត្ររបស់ក្របខ័ណ្ឌ Premier League ជាមួយនឹងចំនួន ៥១៦គ្រាប់ បានទទួលស្គាល់ថា មានភាពប្រសើរឡើងខ្លះៗ ដែលត្រូវបានធ្វើឡើង ខណៈការរើសអើងជាតិសាសន៍យ៉ាងហោចណាស់ ឥឡូវនេះ ត្រូវបានពិភាក្សាដោយបើកចំហ បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ តែមិនមានអារម្មណ៍ថា គ្រប់គ្រាន់ ក្នុងការដោះសា្រយជាមួយនឹងបញ្ហានេះឡើយ៕