ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាកំពុងរំដោះទឹកចេញពីតំបន់អង្គរកុំឱ្យជន់លិចប្រាសាទបុរាណនានានិងទីក្រុងសៀមរាប

សៀមរាប៖ នាយដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ របស់អាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងរំដោះទឹកនៅតាមទ្វារប្រឡាយ និងពីតំបន់ប្រាសាទមួយចំនួន ដើម្បីការពារកុំឱ្យទឹកអាចជន់លិចប្រាសាទបុរាណនានានិងក្រុងសៀមរាបបាន។

របាយការណ៍ពីនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរា ដែលទទួលបានកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ឱ្យដឹងថា ក្រុមការងារកំពុងព្យាយាមរំដោះទឹកពីតំបន់ជុំវិញប្រាសាទមួយចំនួនដូចជាប្រាសាទអង្គរវត្ត ប្រាសាទព្រះខ័ន តាព្រហ្ម និងបាយ័នជាដើម ឱ្យហូរចេញទៅតាមប្រព័ន្ធប្រឡាយបុរាណនិងស្ទឹងនានា មានស្ទឹងសៀមរាប ស្ទឹងរលួស ស្ទឹងពួក និងស្ទឹងព្រះស្រុក ដើម្បីកុំឱ្យមានការប៉ះពាល់ជាអវិជ្ជមានដល់ប្រាសាទបុរាណ និងក្រុងសៀមរាប។

អគ្គនាយករងនិងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល មានប្រសាសន៍កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញាថា រហូតមកដល់ពេលនេះ មិនទាន់មានប្រាសាទបុរាណណាមួយត្រូវទឹកជន់លិចទេ ក៏ប៉ុន្តែក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ដែលប្រឹងប្រែងរំដោះទឹកចេញពីតំបន់ប្រាសាទបុរាណ ដោយសារតែព្រួយបារម្ភចំពោះកម្រិតនៃកម្ពស់ទឹកភ្លៀង ដែលកំពុងតែកើនឡើងខ្លាំងប៉ុណ្ណោះ។

ជាច្រើនថ្ងៃមកនេះ  អាជ្ញាធរជាតិអប្សរាបានដាក់កម្លាំងជំនាញឱ្យប្រចាំការ២៤ម៉ោង ដើម្បីឃ្លាំមើល កម្ពស់ទឹកនៅជុំវិញតំបន់អង្គរ ព្រមទាំងរំដោះទឹកទាំងនោះចេញឱ្យបានទាន់ពេល ដើម្បីការពារតំបន់អង្គរនិងក្រុងសៀមរាបពីគ្រោះទឹកជំនន់។

ការខិតខំប្រឹងប្រែង របស់ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ដើម្បីរំដោះទឹកចេញពីតំបន់អង្គរនេះ បានធ្វើឡើងនៅស្របពេលដែល ឥទ្ធិពលនៃព្យុះណូរុ ពីប្រទេសហ្វីលីពីន បង្កឡើងបណ្ដាលឱ្យកម្ពុជាទទួលរងទឹកជំនន់ ដោយសារទឹកភ្លៀង ហើយកំពុងជន់លិច ផ្ទះសំបែងរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដីស្រែ ចម្ការច្រើនរយហិកតា ហេដ្ឋារចនាសម្ព័ន្ធនិងអគារសាធារណៈជាច្រើននៅក្នុងស្រុកចំនួន៩ របស់ខេត្តសៀមរាប។

ក្រៅពីការរំដោះទឹកភ្លៀងចេញពីតំបន់ប្រាសាទបុរាណ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ក៏បានប្រមូលទឹកទាំងនោះដើម្បីនាំយកទៅបំពេញក្នុងប្រព័ន្ធគ្រប់គ្រងបុរាណ ដើម្បីធានាដល់តុល្យភាពនៃការប្រើប្រាស់ទឹកក្នុងតំបន់អង្គរ មានដូចជានៅបារាយណ៍ខាងលិច បារាយណ៍ខាងជើង កសិន្ធុអង្គរធំ កសិន្ធុអង្គរវត្ត ស្រះស្រង់ រួមនិងកសិន្ធព្រះខ័នជាដើម។ល៕