ព័ត៌មានជាតិ

អាជ្ញាធរជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាព ក្រោយជំនន់ទឹកភ្លៀងឡើងខ្លាំង

បាត់ដំបង៖ អាជ្ញាធរស្រុកភ្នំព្រឹកនិងស្រុកកំរៀង ខេត្តបាត់ដំបង បានត្រៀមអន្តរាគមន៍ជម្លៀស ប្រជាពលរដ្ឋរងគ្រោះទៅទីទួលមានសុវត្ថិភាព ព្រោះជំនន់ទឹកភ្លៀងបានឡើងយ៉ាងគំហុក។

កងកម្លាំងតំបន់ព្រំដែនបានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះថា វរសេនាតូចលេខ ៥៣៤ កងពលតូចលេខ៥៣ កំពុងចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋនៅម្តុំវាលស្រែ១០០ ត្រង់អូរធំ ក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

លោក សុង សុភ័ក្រ អភិបាលស្រុកភ្នំព្រឹក បានឱ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងក្នុងស្រុកភ្នំព្រឹក មិនទាន់មានសភាពធ្ងន់ធ្ងរនៅឡើយទេ ព្រោះនៅព្រឹកនេះទឹកបានស្រកបន្តិចវិញ ។ប៉ុន្តែនៅឃុំបួរ ទឹកបានយាយីដល់ដំណាំផ្សេងៗ និងប្រជាពលរដ្ឋដែលរស់នៅតាមដងអូរព្រំដែនត្រឹមចំនួន ១០គ្រួសារប៉ុណ្ណោះ។កម្លាំងគណ:បញ្ជាការឯកភាពស្រុកកំពុងអន្តរាគមន៍ជួយសង្គ្រោះ និងនាំយកទៅទីទួលមានសុវត្ថិភាព។

លោក សុខ ដែន អភិបាលស្រុកកំរៀងបានឱ្យដឹងដែរថា  សម្រាប់មូលដ្ឋានស្រុកកំរៀង មកទល់ម៉ោងនេះមិនទាន់មានទឹកជំនន់ច្រើនប៉ះពាល់ដល់ប្រជាពលរដ្ឋនៅឡើយទេ។ ចំពោះមុខនេះ លោកកំពុងត្រៀមកម្លាំងជួយសង្គ្រោះក្នុងករណីទឹកភ្លៀងបន្តធ្លាក់នាថ្ងៃខាងមុខ៕

ដោយ៖ព្រះអង្គខ្មៅ