សេដ្ឋកិច្ច

រដ្ឋសភាកូរ៉េផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយកម្ពុជារួចរាល់ហើយ

ភ្នំពេញ៖ រដ្ឋសភាកូរ៉េនៅថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយកម្ពុជា​រួចរាល់ហើយ។នេះបើយោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ នឹងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់កូរ៉េបន្ថែមទៀត ដូចជា ផលិតផល សម្លៀក បំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿង បន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។

គួររម្លឹកថា៖ប្រទេសកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា កាលពីខែតុលា ឆ្នាំ២០២១។

ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា «រដ្ឋាភិបាលកូរ៉េនឹងជូនដំណឹងដល់ កម្ពុជា អំពី​ការ​បញ្ចប់នីតិវិធីក្នុងស្រុកទាំងអស់ ដើម្បីឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះចូលជាធរមាន»។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីទី២របស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​កម្ពុជា-ចិនបានចូលជាធរមានកាលខែមករា ឆ្នាំ២០​២២ តំណាលគ្នានឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០និងដៃគូពាណិជ្ជ​កម្មសេរី ចំនួន៥ទៀត មាន​អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់៕ដោយៈសិរីមតី