ព័ត៌មានជាតិ

រដ្ឋបាលស្រុកឱ្យផ្អាកដំណើរកម្សាន្តទៅតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល

កំពង់ឆ្នាំង៖​ រដ្ឋបាលស្រុកទឹកផុស បានជូនដំណឹងឱ្យផ្អាកការធ្វើដំណើរទៅកម្សាន្តតំបន់​ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ថ្មក្រាល នៅភូមិកោះខ្ទុម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងជាបណ្តោះអាសន្ន។

​សេចក្ដី​ជូនដំណឹងបានបញ្ជាក់ថា​ ​ សូមប្រជាពលរដ្ឋភ្ញៀវទេសចរទាំងអស់មេត្តាជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើ ឱ្យទឹកជំនន់ឡើងខ្ពស់នៅតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល។ក្នុងនោះធ្វើឱ្យមានការខូច ខាតនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាផ្លូវ ទំនប់ ប្រឡាយ។

ដើម្បីរក្សាបាននូវស្ថិរភាព សុវត្ថិភាពដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ​ដែលមានបំណងទៅលេងកម្សាន្តនៅតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល  រដ្ឋបាលស្រុកទឹកផុស សូមផ្អាកជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២២នេះតទៅ រហូតដល់ជូនដំណឹងជាថ្មី។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកញ្ញា លោកវរសេនីយ៍ឯក ខែម វិបុល អធិការនគរបាលស្រុកទឹកផុសបានដឹកនាំកម្លាំងនគរបាល ចុះជួយអន្តរាគមន៍ជូនប្រជាពលរដ្ឋ ក្នុងភូមិស្វាយចេក ឃុំចោងម៉ោង ស្រុកទឹកផុស។ពួកគាត់រងនូវជំនន់ទឹកភ្លៀងដែលហូរនៅលើស្ពាន និងហូរលើផ្លូវ ដោយបានច្រកបាវខ្សាច់ទប់ស្កាត់ទឹកកុំឱ្យមានការហូរច្រោះបាក់ដីក្បាលស្ពាននិងផ្លូវ៕ដោយ៖វិចិត្រ