ព័ត៌មានជាតិ

ផ្ទះពលរដ្ឋជិត៧០ខ្នងបានលិចដោយសារទឹកទន្លេ​បានឡើង​ជា​បន្តបន្ទាប់​

កំពង់ឆ្នាំង៖ ខណៈមានជំនន់ទឹកភ្លៀងលិចនៅតំបន់មួយចំនួននោះមក ផ្ទះប្រជាពលរដ្ឋជិត៧០ខ្នង បានលិចដោយសារទឹកទន្លេឡើងជាបន្តបន្ទាប់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

លោកប៉ាត់ គន មេឃុំផ្លូវទូក ស្រុក​កំពង់លែងបានឱ្យដឹងនៅ​រសៀល​ថ្ងៃ​ទី​២៧ ខែកញ្ញា​ថា គិត​មក​ដល់​ថ្ងៃនេះ ផ្ទះ​ពលរដ្ឋ​ចំនួន​៦២​ខ្នង​ក្នុងភូមិ​ពាម​ខ្នង ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ត្រូវ​បាន​ទឹកទន្លេ​ឡើង​ជន់​លិច។ ខណៈ​ផ្ទះ​ខ្លះ​ត្រូវ​លិច​ពាក់កណ្ដាល​និង​ផ្ទះ​មួយ​ចំនួន​ទៀត​លិច​ប្រមាណកន្លះម៉ែត្រ​។ករណីគ្រោះធម្មជាតិនេះ ពលរដ្ឋ​​បាន​លើក​ធ្នើ​រក្នុងផ្ទះ​ឱ្យផុត​ទឹក ដើម្បី​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន​ដោយស្ថិតក្នុងសភាពប្រឈមបំផុត។

លោកមេឃុំ​បាន​បន្ត​ថា ទឹកទន្លេ​ពេល​នេះ​នៅ​បន្ត​ឡើងជា​រៀងរាល់ថ្ងៃ​នៅឡើយ​។តែបើ​ទឹក​នៅ​បន្ត​ឡើង​ខ្លាំង​ទៀត​នោះ ពលរដ្ឋ​រង​គ្រោះ​អាច​នឹង​ត្រូវ​ជម្លៀស​ចេញ​ទៅ​រក​ទីទួល​សុវត្ថិភាព​ជា​ពុំខាន។សម្រាប់​នៅ​ទីនោះគឺ​មាន​តែ​វត្ត​ថ្នល់​ឈើទាលមួយប៉ុណ្ណោះដែល​ខ្ពស់​​បន្តិច​។ពាក់ព័ន្ធ​ករណី​ខាងលើ​ អភិបាលខេត្ត​កំពង់ឆ្នាំង បានចាត់ឱ្យក្រុមការងារចុះ​ទៅ​ពិនិត្យ​មើល​ជា​បន្ទាន់ដើម្បី​ដោះស្រាយ​តាម​សភាពការណ៍​ជាក់ស្ដែង​៕

ដោយ៖វិចិត្រ