ព័ត៌មានជាតិ

ទឹកភ្លៀងហូរពីភ្នំដងរែកខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារ បង្កឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ៨.៤៤៤គ្រួសារ

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានឱ្យដឹងថា៖ ទឹកជំនន់ដោយសារភ្លៀង ដែលហូរចុះមកពី​តំបន់ភ្នំដងរែក របស់ខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារផង បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន​៨.៤៤៤គ្រួសារ ក្នុងចំនួន២៤៥ភូមិនិងឃុំចំនួន៥៦។

ការប៉ះពាល់នេះ បានគ្របដណ្ដប់ទៅលើស្រុកចំនួន៩ មាន ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកពួក ស្រុក សូទ្រនិគម ស្រុកប្រាសាទបាគង និងស្រុកអង្គរធំ។

របាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប ឱ្យដឹងថា គិតមកទល់នឹងពេលនេះ​ ទឹកជំនន់បានធ្វើឱ្យ​ប៉ះពាល់ជាច្រើនផ្នែក ក្នុងនោះមានប៉ះពាល់ស្រូវពង្រោះចំនួន ២.៧២៣៩ហិកតា ដំឡូងមី ចំនួន ៤.១១៨ហិកតា ទឹកលិចបរិវេណផ្ទះកម្រិតស្រាល ៥.៩០២ខ្នង កំរិតធ្ងន់២៩ខ្នង ដោយក្នុងចំណោមនេះការប៉ះពាល់លំនៅឋានកម្រិតធ្ងន់២៩ខ្នង ប្រជាពលរដ្ឋចំនួន៤ គ្រួសារបានជម្លៀសខ្លួនចេញពីលំនៅដ្ឋាន។

ជាមួយគ្នានេះដែរ ទឹកជំនន់បានលិចទីធ្លាសាលារៀនចំនួន ៧៣កន្លែង លិចបរិវេណមណ្ឌល​សុខភាព៦កន្លែង លិចអគាររដ្ឋបាលឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល១៨កន្លែង លិចបរិវេណវត្ត ១៦កន្លែង លិចក្នុងផ្សារ ២កន្លែង ព្រមទាំងលិចផ្លូវប្រវែងសរុប១៤៦.៨៨២ម៉ែត្រ និងបង្កឱ្យខូចខាតប្រវែង​៣.៨៧៥ម៉ែត្រ លិចខ្នងទំនប់ខ្នងប្រឡាយប្រវែង ១៩.២២៧ម៉ែត្រ និងខូចខាតប្រវែង ៩៥ម៉ែត  លិចស្ពាន៣កន្លែង និងខូចខាតប្រវែង ១១ម៉ែត្រ៕