ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀង ធ្វើឱ្យប្រជាពលរដ្ឋជាង៦១០គ្រួសាររងការប៉ះពាល់និងផ្លូវលំជនបទរងការខូចខាត នៅខេត្តសៀមរាប

សៀមរាប៖ មន្ត្រីស្រុកអង្គរជុំ ដែលស្ថិតនៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ភាគខាងលិចពីទីរួមខេត្ត​សៀមរាប ឱ្យដឹងថា មកទល់នឹងពេលនេះ ទឹកជំនន់ដោយសារភ្លៀងខ្លាំង កំពុងធ្វើឱ្យ​ប៉ះពាល់ដល់​ប្រជាពលរដ្ឋប្រមាណ៦១០គ្រួសារ ដែលរស់នៅក្នុងឃុំចំនួន៥ ព្រមទាំងផ្លូវលំខ្លះ​ត្រូវទឹកហូរច្រោះដាច់​និងលិចអគារសាធារណៈមួយចំនួនទៀតផង។

របាយការណ៍បន្ទាន់ របស់អាជ្ញាធរស្រុកអង្គរជុំបានឲ្យដឹងថា ដោយសារតែភ្លៀងធ្លាក់ក្នុង​តំបន់ផងនិងទឹកមួយផ្នែកទៀត ហូរចាក់មកពីភូមិសាស្ត្រស្រុកវ៉ារិនផង បណ្តាលឱ្យជន់លិច​ឃុំចំនួន៥ក្នុងចំណោមឃុំទាំង៧របស់ស្រុកអង្គរជុំ។

ឃុំដែលកំពុងទទួលរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀងទាំងនោះ រួមមានឃុំស្រែខ្វាវ ឃុំចារឈូក ឃុំនគរភាស ឃុំតាសោម និង ឃុំគោល ។

របាយការណ៍ស្ដីពីការប៉ះពាល់ រួមមាន នៅឃុំ ស្រែខ្វាវ ទឹកបានហូរកាត់លើទ្រូងផ្លូវ៥ ខ្សែ មានប្រវែងសរុប៥៦០០ ម៉ែត្រ។ នៅឃុំចារឈូក ទឹកលិចក្រោមផ្ទះប្រជាពលរដ្ឋក្នុងភូមិចំនួន៥ ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ២២៥គ្រួសារ។ ទឹកហូរកាត់ទ្រូងផ្លូវ៩ ខ្សែ មានប្រវែង១៣៨៥០ម៉ែត្រ ដាច់ផ្លូវ២កន្លែងប្រវែង ៥០ម៉ែត្រ ក្នុងនោះដែរទឹកបានហូរច្រោះបំផ្លាញផ្ទះធ្ងន់ធ្ងរខ្លាំង១ខ្នង លិចទីធ្លាសាលារៀនចំនួន ៣សាលា លិចទីធ្លាវត្ត១ ព្រមទាំងលិចទីធ្លាមន្ទីរពេទ្យបង្អែកផង។

នៅឃុំនគរភាស ទឹកលិចក្រោមផ្ទះប្រជាពលរដ្ឋ៨ ភូមិស្មើនឹង៩៨ គ្រួសារ  ទឹកហូរលើផ្លូវចំនួន៤ខ្សែ ប្រវែង១៥៩៥ ម៉ែត្រ ដាច់ផ្លូវ១កន្លែងប្រវែង១៥ ម៉ែត្រ ហូរច្រោះផ្លូវ១កន្លែង លិចទីធ្លាសាលារៀនចំនួន១សាលា ទឹកលិចទីធ្លាមណ្ឌលសុខភាពនគរភាស១កន្លែង និងលិចប៉ុស្ដិ៍នគរបាលរដ្ឋបាលនគរភាស ១កន្លែង។

នៅឃុំតាសោម ទឹកលិចក្រោមផ្ទះប្រជាពលរដ្ឋចំនួន១២ ភូមិស្មើនឹង១៨៧ គ្រួសារ ទឹកហូរលើផ្លូវ១៨ខ្សែ មានប្រវែងសរុប ៨៩១០ម៉ែត្រនិងលិចទីធ្លាសាលារៀនចំនួន ៥សាលា។ចំណែកឯនៅឃុំគោល ទឹកលិចក្រោមផ្ទះប្រជាពលរដ្ឋចំនួន៧ភូមិស្មើនឹង ១០២ គ្រួសារ ទឹកហូរលើទ្រូងផ្លូវចំនួន៨ ខ្សែ មានប្រវែងសរុប៥៩២០ ម៉ែត្រ ទឹកហូរដាច់ផ្លូវ៦កន្លែង មានប្រវែងសរុប១៨៥ ម៉ែត្រ ហូរច្រោះលូ ៦កន្លែង លិចទីធ្លាសាលាមត្តេយ្យសហគមន៍ភូមិអំពិលធ្នង់ចំនួន១សាលា លិចទីធ្លាវត្តប្រាសាទគោលរង្ស៉ីនិងលិចមណ្ឌលសុខភាពគោល១កន្លែង ។

បើទោះបីជាជំនន់ទឹកភ្លៀង កំពុងធ្វើឱ្យប៉ះពាល់ដល់លំនៅដ្ឋាននិងអគារសាធារណៈ ព្រមទាំងផ្លូវលំជនបទជាច្រើនក៏ដោយ ក៏អាជ្ញាធរស្រុកអង្គរជុំអះអាងថានៅមិនទាន់មានមនុស្ស សត្វ បានរងគ្រោះដល់អាយុជីវិតនៅឡើយទេ៕