ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងបង្កផលប៉ះពាល់ខូចខាតស្រូវនិងដំឡូងមីរាប់រយហិកតានៅស្រុកបវេល

បាត់ដំបង៖ដំណាំស្រូវនិងដំឡូងមីរាប់រយហិកតាបានរងផលប៉ះពាល់ និងខូចខាតដោយសារជំនន់ទឹកភ្លៀងរយ:ពេលយូរក្នុងមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង។

លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្ម ខេត្តបាត់ដំបងបានឱ្យដឹងនៅថ្ងៃទី២៧ ខែកញ្ញាថា តាមការចុះពិនិត្យផ្ទាល់រួមជាមួយមន្ត្រីជំនាញបានឃើញថា ទំហំនៃការប៉ះពាល់ ខូចខាតលើផ្ទៃដីប្រឈមខ្លាំងសរុបមាន ៤ឃុំនៃស្រុកបវេល។ក្នុងនោះរួមមាន ឃុំល្វា ប៉ះពាល់ដំណាំស្រូវទើបព្រោះចំនួន ២៩៥ហិកតា ស្រូវកំពុងទុំចំនួន៧៦ហិកតា ខូចខាតស្រូវព្រោះថ្មី១២៤ហិកតា ខូចខាត ស្រូវទុំ៥៥ហិកតា។

រីឯក្នុងឃុំព្រៃខ្ពស់ ខូចខាតស្រូវដែលច្រូតកាត់រួច១០២ហិកតា ប៉ះពាល់ ស្រូវទើបព្រោះចំនួន ២៥ហិកតា ស្រូវកំពុងទុំប៉ះពាល់ចំនួន ៤៨៦ហិកតា។នៅឃុំអំពិល៥ដើម ស្រុកបវេលដដែលប៉ះពាល់ដំណាំស្រូវប្រហាក់ប្រហែល ១២០ហិកតា ខូចខាតប្រមាណ ៧០ហិកតា និងឃុំអំពិល៥ដើមខាងលើនេះក៏មានការប៉ះពាល់ ដល់ដំឡូងមី របស់កសិករផងដែរដាំដុះក្នុងស្រែប៉ះពាល់ចំនួន ៦០ហិកតា និងខូចខាតចន្លោះពី ១៨ ទៅ៣០ហិកតា៕

ដោយ៖ ព្រះអង្គខ្មៅ