សេដ្ឋកិច្ច

កម្ពុជា និង​ឥណ្ឌូណេស៊ី បង្កើន​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​

​ភ្នំពេញ​៖កម្ពុជានិង​ឥណ្ឌូនេស៊ី​បាន​ឯកភាពគ្នា​បង្កើន​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​បន្ថែមទៀត​ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​ទាំងអស់ គ្នា​និង​ជំរុញ​ឲ្យ​មាន​ការហោះ​ត្រង់​ឡើងវិញ​។​នេះ​បើ​យោងតាម​ប្រភព​របស់​ក្រសួងទេសចរណ៍​។​

​ការឯកភាព​គ្នា​នេះ បាន​កើតឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា និង​លោក Sandiaga Salahudin Uno រដ្ឋមន្ត្រី​ទេសចរណ៍​និង​សេដ្ឋកិច្ច​ច្នៃប្រឌិត​ឥណ្ឌូណេស៊ី​នា​ល្ងាច​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ នា​អំឡុង​នៃ​ការចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​ប្រទេស G20 (G20 Tourism Ministerial Meeting)​និង​ទិវា​ទេសចរណ៍​ពិភពលោក ឆ្នាំ​២០២២ នៅ​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូណេស៊ី ចាប់ពី​ថ្ងៃទី​២៦-២៧ ខែកញ្ញា ឆ្នាំ​២០២២​។​

​ក្នុងជំនួប​នោះ ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​បង្កើន​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​បន្ថែមទៀត ក្នុងនោះ​រួមមាន​៖
១. បង្កើត​ក្រុមការងារ​រួម​ដើម្បី​អនុវត្ត​អនុស្សរណៈ​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី ដែល​បាន​ចុះហត្ថលេខា​នា​អំឡុង​វេទិកា​ទេសចរណ៍​អាស៊ាន ២០២២ នៅ​ក្រុងព្រះសីហនុ​។​
២. ជំរុញ​ឲ្យ​មាន​ការហោះ​ត្រង់​ឡើងវិញ និង​កាន់តែច្រើន​រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ឥ​ណ្ដូ​ណេ​ស៊ី ដូចជា Lion Air, City Link ជាដើម​។​
៣. ដោយ​កម្ពុជា និង​ឥណ្ឌូណេស៊ី​ជា​ប្រទេស​មាន​ភាពជឿនលឿន​នាំមុខ​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន (ASEAN MRA-TP)​ភាគី​ទាំងពីរ​នឹង​ជំរុញ​ឲ្យ​មានការ​ចែក​រំ​លែ​បទពិសោធន៍​ពីគ្នា​បន្ថែមទៀត តាមរយៈ​ចូលរួម​ទស្សនកិច្ច​សិក្សា និង​សិក្ខាសាលា​ជាដើម​។​
៤. ជំរុញ​ឲ្យ​មានការ​ចែករំលែក​បទ​ពិសោធន៍​ល្អៗ​ក្នុងការ​អភិវឌ្ឍ​ទេសចរណ៍​សហគមន៍ ទេសចរណ៍ធម្មជាតិ​ការអភិវឌ្ឍ​និង​គ្រប់គ្រង​តំបន់ឆ្នេរ​ជាដើម​។​
៥. ភាគី​ទាំងពីរ​នឹង​ចែករំលែក​បទពិសោធន៍​ស្ដីពី​ការអភិវឌ្ឍ និង​គ្រប់គ្រង​ទេសចរណ៍​តំបន់​សៀមរាប​។​

​ស្របតាម​ការអញ្ជើញរ​បស់​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន​រដ្ឋមន្ត្រី​ទេសចរណ៍​និង​សេដ្ឋកិច្ច​ច្នៃប្រឌិត​ឥណ្ឌូណេស៊ី​នឹង​ពិនិត្យ​រៀបចំ​ការ​មក​ទស្សនា​នៅ​កម្ពុជា​ជាពិសេស​អំឡុងពេល​នៃ​ព្រឹត្តិការណ៍ SEA Games 2023 នៅ​កម្ពុជា​៕​ដោយៈផាវី