សេដ្ឋកិច្ច

កម្ពុជា​-​អារ៉ាប់​រួម​អេ​មី​រ៉េត ប្តេជ្ញា​បង្កើន​ទំហំ​ពាណិជ្ជកម្មនិង​វិនិយោគ​បន្ថែមទៀត​

ភ្នំពេញ​៖ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អារ៉ាប់​រួម​អេ​មី​រ៉េត សម្រេចបាន​ប្រមាណ ១០០ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០ និង​១៥០ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១​ដែល​កើន​ក្នុង​អត្រា​ប្រមាណ ៥០% បើទោះបី​ស្ថិតក្នុង​បរិការណ៍​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ​។​ចំណែក​នៅ​ឆ្នាំ​២០២២​នេះ​បាន​ត្រូវគេ​រំពឹងថា​នឹងមាន​កំណើន​ជាង​ឆ្នាំមុនៗ​។​

​ការ​រំពឹងថា​នឹងមាន​កំណើន​នេះ បន្ទាប់ពី​កម្ពុជា និង​អារ៉ាប់​រួម​អេ​មី​រ៉េត បាន​ប្តេជ្ញា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ល្អប្រសើរ ជាពិសេស​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​ប្រទេស​ទាំងពីរ​ឱ្យមាន​ភាព​រីកចម្រើន ថែម​មួយកម្រិត​ទៀត​។​

​ការប្តេជ្ញា​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ជាមួយ​លោក Thani Bin Ahmed Al Zeyoudi រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត នៅ​អំឡុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម វិនិយោគ និង​ឧស្សាហកម្ម របស់​ក្រុម​ប្រទេស G20 នៅ​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូនេស៊ី​។​

​នៅក្នុង​កិច្ចពិភាក្សា​នោះ ភាគី​ទាំងពីរ​បានកត់សម្គាល់​លើ​វឌ្ឍនភាព​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ព្រមទាំង​បាន​ផ្លាស់ប្ដូរ​ទស្សនាទាន​ល្អៗ​មួយចំនួន សម្រាប់​បរិការណ៍​នៃ​ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែលមាន​ដូចជា​តាមរ​យៈ​ការជួយ​ជំរុញ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​តំបន់ និង​ជួយ​គាំទ្រ​ដល់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាក់ព័ន្ធ​ឱ្យ​ដំណើរ​ការល្អ​ក្នុងការ​ជំរុញ​ភាព​ធន់​រឹងមាំ​របស់​សេដ្ឋកិច្ច​។​

​បន្ថែម​ពីនេះ ភាគី​ទាំងពីរ​ក៏បាន​រំលឹក​ឡើងវិញ​នូវ​តួនាទី​ដ៏​សំខាន់​របស់​វិស័យ​ឯកជន​នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​ភាគី​ទាំងពីរ​នឹង​ពិនិត្យ​លទ្ធភាព​ក្នុងការ​ជំរុញ​ការរៀបចំ​នូវ​ព្រឹត្តិការណ៍​ផ្គូផ្គង​ធុរកិច្ច​ផ្សេងៗ នាពេល​អនាគត​ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​៕ដោយៈសិរីមតី