សេដ្ឋកិច្ច

ក្រុមហ៊ុន​ធំៗ​ជាង​១៥០ នឹង​ជ្រើសរើស​ការងារ​ជាង ២​ម៉ឺន​កន្លែង ក្នុង​ពិព័រណ៍​ការងារ ​នៅ​ចុងខែ​តុលា​

​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២៨ និង​២៩ ខែតុលា ឆ្នាំ​២០២២​ខាងមុខ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈ គ្រោង​នឹង​រៀបចំ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ដោយ​នឹង​នាំមក​នូវ​ឱកាស​ការងារ​ជាង ២​ម៉ឺន​កន្លែង ពី​ក្រុមហ៊ុន​ធំៗ​ជាង​១៥០ បង្ហាញជូន​សាធារណៈជន​នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​

​ប្រភព​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ បាន​ឲ្យ​ដឹងថា គោលបំណង​នៃ​កម្មវិធី​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ រៀបចំឡើង​ក្នុង​គោលដៅ ង្កើ​ត​ជា​វេទិកា​ប្រមូលផ្ដុំ​ឱកាស​ការងារ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៅ​មួយកន្លែង ងាយស្រួល​សម្រាប់​និយោជក អ្នកស្វែងរក​ការងារ និង​អ្នកផ្តល់​ការអប់រំ​បណ្តុះបណ្តាល​។​

​តាមរយៈ​ពិព័រណ៍​នេះ​និយោជក​អាច​តាំង​បង្ហាញ​និង​ផ្សព្វផ្សាយ​ពី​តម្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម ដើម្បី​ទាក់ទាញ​អ្នកស្វែងរក​ការងារ​ដែលមាន សមត្ថភាព​ជំនាញ និង​សក្តានុពល​ស្របតាម​តម្រូវការ​, អ្នកស្វែងរក​ការងារ​អាចដាក់​ពាក្យ និង​សម្ភាស​ការងារ​ផ្ទាល់ និង​តាម​ប្រព័ន្ធ​អន​ឡាញ​ព្រមទាំង​ទទួលបាន​ព័ត៌មាន​អំពី​ឱកាស​ការងារនិង​ឱកាស​ក្នុងការ​អភិវឌ្ឍ​ជំនាញ​ចំណែក អ្នកផ្តល់​ការអប់រំ​បណ្តុះ​បណ្តាល​អាច​ផ្សព្វផ្សាយ​កម្មវិធីសិក្សា វគ្គ​សិក្សា និង​កម្មវិធី​អភិវឌ្ឍ​ជំនាញ​គ្រប់​ប្រភេទ​, លើកកម្ពស់​ការយល់ដឹង និង​បណ្ដុះ​គំនិត​អំពី​ការបង្កើន​ផលិតភាព​តាមរយៈ​សិក្ខាសាលា​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍ ដោយ​វាគ្មិន​ជាតិ​-​អន្ដរជាតិ​ល្បីៗ និង​បង្កើត​វេទិកា​សម្រាប់​ពង្រីក​បណ្ដា​ញ​ទំនាក់ទំនង​ផ្នែក​ធនធានមនុស្ស (HR Networking)​។​

​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ បានបញ្ជាក់​បន្ថែមថា សម្រាប់​កម្មវិធី​នេះ ក្រៅពី​ទទួលបាន​ឱកាស​ការងារ​រាប់ម៉ឺន​កន្លែង អ្នកស្វែងរក​ការងារ ក៏ដូចជា​យុវជន សិស្ស និស្សិត ក៏​អាច​ចូលរួម​ក្នុង​សិក្ខាសាលា​ចែករំលែក​ចំណេះដឹង​ពី​ការលើកកម្ពស់​ផលិតភាព​ដោយ​វាគ្មិន​ជាតិ និង​អន្តរជាតិ​ល្បីៗ​ផងដែរ​៕​ដោយៈផាវី