សេដ្ឋកិច្ច

កម្ពុជា​ទទួលបាន​ភ្ញៀវ​សរុប​ជាង​១​លាន​២​សែន​នាក់ នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​៣​ថ្ងៃ​

ភ្នំពេញ៖ក្រសួងទេសចរណ៍ បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​២៧​ខែកញ្ញា​ថា​៖​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​សរុប​ជាង​១​លាន​២​សែន​នាក់ នា​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​និង​ការដើរ​កម្សាន្ត​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤-២៦ ខែកញ្ញា ឆ្នាំ​២០២២ក្នុងនោះ​ខេត្តបាត់ដំបង សៀមរាប ប៉ៃ​លិន ទទួលបាន​ភ្ញៀវ​ច្រើនជាងគេ​ដាច់​។​

​នាឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃ ២៤-២៦ ខែកញ្ញា ឆ្នាំ​២០២២ កម្ពុជា​យើង​ទទួលបាន​ភ្ញៀវទេសចរ​សរុប​ទូទាំងប្រទេស​១,២៥៩,១២១​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​១,២៤៤,៦៤២​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​មាន​ចំនួន​១៤,៤៧៩​នាក់​។​

ក្រសួងទេសចរណ៍បានឱ្យដឹងថា៖សម្រាប់ថ្ងៃភ្ជុំថ្ងៃទី​១ (២៤ កញ្ញា​) ទទួលបាន​៣៣៩,៤៥៩​នាក់​,ថ្ងៃទី​២ (២៥ កញ្ញា​) ទទួលបាន​៥១២,១២៦​នាក់​និងថ្ងៃទី​៣ (២៦ កញ្ញា​) ទទួលបាន​៤០៧,៥៣៦​នាក់​។​

​ខេត្ត​ដែល​ទទួលបាន​ភ្ញៀវទេសចរ​ច្រើនជាងគេ​ទាំង​១០ (Top 10) សម្រាប់​រយៈពេល​៣​ថ្ងៃនេះ រួមមាន​៖
* ខេត្តបាត់ដំបង ២១០,១២២​នាក់​
* ខេត្តសៀមរាប ១៤៣,៤៧០​នាក់​
* ខេត្ត​កែប ១១៦,៧៧៦​នាក់​
* ខេត្តពោធិ៍សាត់ ៩៦,៤៥២​នាក់​
* ខេត្ត​ព្រះសីហនុ ៨៤,៥៥៧​នាក់​
* ខេត្តកំពង់ចាម ៧៩,៥៧៤​នាក់​
* ខេត្តកំពត ៧៧,៥៤៨​នាក់​
* ខេត្តកណ្តាល ៥៤,៥៤៦​នាក់​
* ខេត្តកំពង់ឆ្នាំង ៥៤,០២៦​នាក់​
* ខេត្ត​ប៉ៃលិន ៤៩,៧៤៨​នាក់​។​

​តួលេខ​នេះ​មាន​កំណើន​៨៩.៤៣% ធៀប​នឹង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​ភ្ជុំបិណ្ឌ​កាលពី​ឆ្នាំ​២០២១​។ ចរន្ត​ភ្ញៀវ​នាឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ មាន​សភាព​ផុសផុល​ខ្លាំង​ធៀប​នឹង​ឆ្នាំ​២០២១​កន្លងមក ដោយសារ​រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យមាន​ការ​កម្សាន្ត​នៅ​គ្រប់​រមណីយដ្ឋាន​ទេសចរណ៍​ទាំងអស់ ហើយ​ប្រជាពលរដ្ឋ​អាច​ទៅធ្វើ​បុណ្យទាន​នៅតាម​ទីវ​ត្ត​អារាម​នានា​ដោយ​ពុំ​មានការ​រឹតត្បិត​ខុសពី​ឆ្នាំ​២០២១​កន្លង​មក​​ដែល​ប្រជាពលរដ្ឋ​បាន​ត្រឹម​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅត្រឹម​មុខ​ខ្លោងទ្វារ​ចូល​វត្ត ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

​ប្រភព​ក្រសួងទេសចរណ៍​បានឱ្យដឹងថា​៖​ប្រជាពលរដ្ឋ​បាន​សម្រុកចូល​រាជធានី​ភ្នំពេញ​វិញ​នា​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ ដែល​ធ្វើឱ្យ​ចរាចរណ៍​នៅតាម​ដងផ្លូវ​ជាតិ​នានា​មានការ​មមាញឹក​ខ្លាំង ខណៈ​ប្រជាពលរដ្ឋ​ខ្លះទៀត​នឹង​បន្ត​ចូល​រាជធានី​ភ្នំពេញ​នា​ថ្ងៃនេះ​ទៀត ពិសេស​កម្មករ​/​កម្ម​ការី​ដែល​ទទួលបាន​ច្បាប់ឈប់​សម្រាក​ពី​៤-៥​ថ្ងៃ​។​

​ចំពោះ​បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ សុវត្ថិភាព ចរាចរណ៍​វិញ សង្កេតឃើញថា គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​រាជធានី​/​ខេត្ត និង​កម្លាំង​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​បាន​សម្រួល​ចរាចរណ៍ និង​ថែរក្សា​សន្តិសុខ​សណ្តាប់​ធា្ន​ប់​នៅតាម​ដងផ្លូវ​ជាតិ និង​ទីតាំង​សំខាន់ៗ​។

​​ដោយឡែកមន្ទីរ​ទេសចរណ៍​គ្រប់​រាជធានី​/​ខេត្ត​ក៏បាន​ចុះ​ផ្ទាល់​ដល់​មូលដ្ឋាន​អាជីវកម្ម និង​គោលដៅ​ទេសចរណ៍​សំខាន់ៗ ដើម្បី​ផ្តល់​សេវា​​កម្ម​ប្រកបដោយ​គុណភាព តម្លៃ​សមរម្យនិង​បន្ត​ពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ពិសេស​បញ្ចៀស​ការ​កក​កុញ​ខ្លាំង​ដូចដែល​ធ្លាប់​កើតមាន​នា​ឆ្នាំកន្លងមក​។

​សម្រាប់​រយៈពេល​៣​ថ្ងៃនេះ សភាពការណ៍​ទេសចរណ៍​ជារួម រាប់​តាំងពី​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ការដើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​មាន​ភាពល្អប្រសើរ​ធម្មតានិង​មិនមាន​បញ្ហា​ធំដុំ​ណាមួយ​កើតឡើង​ទេបើទោះបី​បណ្តា​រាជធានី​/​ខេត្ត​ភាគច្រើន​មាន​ភ្លៀង​ធ្លាក់​ខ្លាំងនិង​បណ្តា​ល​​ឱ្យមាន​ជំនន់​ទឹកភ្លៀង និង​ការ​កក​ស្ទុះ​នៅតាម​តំបន់ និង​ផ្លូវជាតិ​សំខាន់ៗ​មួយចំនួន​៕​ដោយៈផាវី