កីឡា

Federer នឹងធ្វើការលាដ៏រំជួលចិត្ត ចំពោះតិន្នីស នៅឯ Laver Cup

កីឡាករ Roger Federer នឹងទាញវាំងននបិទ ចំពោះអាជីពវាយកូនបាល់ (តិន្នីស) ដ៏អស្ចារ្យរបស់ខ្លួន ក្នុងការប្រកួតដ៏ពិសេស ជាមួយគូប្រជែងដ៏យូរអង្វែង Rafael Nadal នៅឯព្រឹត្តិការណ៍ Laver Cup ក្នុងទីក្រុងឡុងដ៍ នាថ្ងៃសុក្រនេះ។

ម្ចាស់ជើងឯកពានលំដាប់ Grand Slam ២០សម័យកាល ដែលត្រូវបានរំខាន ដោយរបួសជង្គង់មិនបានធ្វើការប្រកួតនោះឡើយ ចាប់តាំងពីកម្មវិធី Wimbledon ឆ្នាំ២០២១ ហើយកាលពីសប្តាហ៍មុន បានប្រកាសចូលនិវត្តន៍ ក្នុងវ័យ ៤១ឆ្នាំ។

តែកីឡាករ Federer នឹងបង្ហាញខ្លួនជាលើកចុងក្រោយ សម្រាប់ក្រុមតំណាងឱ្យអឺរ៉ុប (Team Europe) នៅឯព្រឹត្តិការណ៍ Laver Cup ដោយចូលរួមជាមួយកីឡាករសញ្ជាតិអេស្ប៉ាញ Nadal ដែលជាការចាប់ដៃគូ ក្នុងក្ដីសុបិនរបស់ពួកគេ ដើម្បីតទល់នឹងកីឡាករ Frances Tiafoe និង Jack Sock របស់ក្រុមពិភពលោក (Team World) ក្នុងទីលាន O2។

កីឡាករសញ្ជាតិស្វីសដ៏ឆ្នើមរូបនេះ បានរីករាយនឹងការប្រជែងគ្នាជាមួយកីឡាករ Nadal ក្នុងរយៈពេលជិត ២ទសវត្សរ៍ ហើយពួកគេបានឈ្នះពានរង្វាន់លំដាប់ Grand Slam បូកបញ្ចូលគ្នាចំនួន ៤២លើក ក្នុងយុគសម័យមាស សម្រាប់ការប្រកួតប្រជែងផ្នែកបុរស។

កីឡាករទាំង ២រូប បានលេងប្រឆាំងគ្នា ៤០ដង ក្នុងនោះរួមទាំងវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីលំដាប់ Grand Slam ៩ដងផងដែរ ដោយកីឡាករ Nadal ធ្វើបានកំណត់ត្រាឈ្នះ ២៤ ទល់នឹង ១៦ដង តែលើកនេះ ពួកគេនឹងស្ថិតនៅទីលានម្ខាងនៃសំណាញ់ជាមួយគ្នា ក្នុងព្រឹត្តិការណ៍ ដែលមានស្ទាយល៍ដូចកម្មវិធី Ryder Cup។

ក្រុមខ្លាំងទាំង៦ នៅអឺរ៉ុប ក៏រួមបញ្ចូលទាំងកីឡាករសញ្ជាតិស៊ែប៊ី Novak Djokovic និងកីឡាករ Andy Murray របស់ចក្រភពអង់គ្លេសផងដែរ ពោលគឺជាសមាជិក ២នាក់ផ្សេងទៀត ដែលត្រូវបានគេឱ្យឈ្មោះថា «Big Four» (កីឡាករកំពូលទាំង៤) ដោយសារមានកម្រិតសមទៅនឹងអាជីពឡើងដល់កម្រិតកំពូលរបស់កីឡាករ Federer។

Federer បាននិយាយ ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា៖ «ពិតណាស់ វាជាការប្រកួតដ៏ពិសេសជាមួយកីឡាករ Rafa (Nadal)។ អ្នកដឹងទេថា វាមានអារម្មណ៍ប្លែកគ្នាមែន។ មិនត្រឹមតែការដើរចេញពីទីលាន និងថែមទាំងការមានឱកាសលេងជាមួយកីឡាករ Rafa ឬ Novak ផងដែរ នាពេលកន្លងមក គឺជាបទពិសោធដ៏អស្ចារ្យ សម្រាប់ខ្ញុំ»៕