ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាធ្វើកំណាយខឿនតម្កល់លិង្គនៅលើភ្នំបូក មុននឹងជួសជុលឡើងវិញ

សៀមរាប៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងកំណាយស្រាវជ្រាវ ខឿនតម្កល់លិង្គទំហំធំនៅលើភ្នំបូក និងមានតែមួយគត់នៅតំបន់អង្គរ ដែលរងការខូចខាត ក្នុងគោលបំណងជួសជុលលើកតម្លៃខឿនតម្កល់លិង្គឱ្យលេចរូបរាងល្អ​ប្រសើរឡើងវិញ។ បច្ចុប្បន្ននេះក្រុមការងារកំពុងធ្វើកំណាយស្រាវជ្រាវ សិក្សាពីរចនាសម្ព័ន្ធ មុននឹងឈានទៅដល់រៀបចំផែនការជួសជុលលើកតម្លៃបុរាណដ្ឋានឡើងវិញ។

លោក ហួរ សុធន បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការធ្វើកំណាយបានចាប់ផ្តើម​តាំងពីដើមខែ​សីហា ឆ្នាំ២០២២ ហើយគម្រោងសិក្សាស្រាវជ្រាវនឹងបញ្ចប់ទៅវិញនៅចុងខែកញ្ញា ឆ្នាំ២០២២ខាងមុខ។ លោក ហួរ សុធន ឱ្យដឹងទៀតថា សំណង់បុរាណតម្កល់លិង្គនៅលើភ្នំបូកនេះ ធ្វើពីថ្មបាយក្រៀម ប្រវែងបណ្តោយ១៩ម៉ែត្រ ទទឹង២០ម៉ែត្រ កម្ពស់៣,៥ម៉ែត្រ ហើយនៅលើខឿនថ្ម​បាយក្រៀមនេះមានជើងទម្រធ្វើពីថ្មភក់មានប្រវែង ៥,២ម៉ែត្រ បួនជ្រុងស្មើ សម្រាប់តម្កល់លិង្គដែលមាន​ទំហំមុខកាត់ជាង១ម៉ែត្រ និងប្រវែង៤,២ម៉ែត្រ។ ក៏ប៉ុន្តែបច្ចុប្បន្នជើងទម្រលិង្គធ្វើពីថ្មភក់នោះ រងការខូចខាតស្ទើរតែ៩០ភាគរយ ហើយលិង្គក៏រងខូចខាតយ៉ាងខ្លាំងតាំងពីផ្នែកគល់ រហូតដល់ចុង គឺបែកបាក់ជាច្រើនបំណែក។ លោកសន្និដ្ឋានថា ការខូចខាតដ៏ធ្ងន់ធ្ងរនេះអាចបណ្តាលមកពីការបំផ្ទុះ​ដោយគ្រាប់រំសេវ ពីព្រោះរូបថតចាស់ជាងគេដែលបារាំងថតនៅសម័យបារាំងមានសភាពបាក់បែក​ដូចសព្វថ្ងៃ​នេះដែរ។ ដោយឡែក ខឿនថ្មបាយក្រៀមបានរងការខូចខាតដោយកត្តាអាយុកាល ធម្មជាតិ ដោយការក្រៀកហែក រលុះថ្មធ្លាក់មកក្រោមនៅតាមជ្រុងខ្លះ ជាមួយគ្នានេះដើមឈើ ឫសឈើបានចាក់​ជ្រែក​ចូលថ្មដោយខ្វះការថែទាំ។

បុរាណវិទូរូបនេះ បន្តឱ្យដឹងថា ក្រុមការងារបានធ្វើកំណាយសិក្សាពីរចនាសម្ព័ន្ធគ្រឹះនៃសំណង់​តម្កល់លិង្គនេះ កន្លងមកបានប្រទះឃើញបំណែកថ្មលិង្គ ក្បឿង និងនាងច្រាលជាច្រើនដែលអាចបញ្ជាក់​បានថាទីតម្កល់លិង្គនេះ ដើមឡើយគេធ្វើអំពីឈើប្រក់ក្បឿងគ្របពីលើលិង្គ។ ក្រុមការងារកំពុងសិក្សា​រិះរកបច្ចេកទេសក្នុងការជួសជុលលិង្គដ៏ធំមួយនេះឡើងវិញ ក៏ប៉ុន្តែ ការដ្ឋាននេះស្ថិតនៅលើភ្នំ ពិបាកដឹកជញ្ជូនសម្ភារ ណាមួយលិង្គថ្មក៏មានទម្ងន់ច្រើនតោន  ដែលអាចធ្វើឱ្យកម្លាំងមនុស្ស​ពិបាកក្នុងការលើកដូរទីតាំងដើម្បីជួសជុលជាដើម។

ពាក់ព័ន្ធនឹងសំណង់បុរាណតម្កល់លិង្គនៅលើភ្នំបូកនេះ មិនមានសិលាចារឹក ឬឯកសារណាបញ្ជាក់ពី​កាលបរិច្ឆេទនៃការសាងសង់ឡើយ ប៉ុន្តែតាមការពិនិត្យមើលលើខ្សែក្បាច់មាននៅតាម​ជើងទម្រតម្កល់លិង្គ គេអាចសន្និដ្ឋានបានថាវាប្រហែលជាស្ថិតនៅអំឡុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១៕