កីឡា

Neuer និង Goretzka ត្រូវដកឈ្មោះពីក្រុមអាល្លឺម៉ង់ ដោយសារឆ្លងវីរុសកូរ៉ូណា

ទាំងអ្នកចាំទី Manuel Neuer និងខ្សែបម្រើ Leon Goretzka ត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅមុនការប្រកួត ២លើក ក្នុងកម្មវិធី Nations League ចំនួន ២លើកខាងមុខរបស់ពួកគេ។

កីឡាករទាំង ២រូប ដែលលេងក្នុងក្រុម Bayern Munich ជាមួយគ្នា បានធ្វើតេស្តវិជ្ជមានកូវីដ១៩ កាលពីថ្ងៃពុធ ហើយពីពេលនោះមក ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក និងចាកចេញពីសណ្ឋាគាររបស់ក្រុមរួចហើយដែរ។

សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFB) បាននិយាយថា៖ «ដោយសារការធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា ចំពោះកីឡាករម្នាក់ ក្នុងរង្វង់កីឡាកររបស់យើង ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស ចំពោះក្រុមជម្រើសជាតិទាំងមូល។ សមាជិកទាំងអស់នៃបុគ្គលិកគ្រូបង្វឹក និងក្រុម តម្រូវឱ្យមានលទ្ធផលតេស្តអវិជ្ជមាន មុនពេលចេញដំណើរ។ អ្នក ដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយកីឡាករទាំង២ នឹងត្រូវបានធ្វើតេស្តរាល់ថ្ងៃ»។

ក្រុមអាល្លឺម៉ង់ នឹងត្រូវប្រកួតជាមួយក្រុមហុងគ្រី នៅថ្ងៃសុក្រ និងបន្ទាប់មកប៉ះក្រុមតោកំណាចអង់គ្លេស នៅថ្ងៃចន្ទ ហើយគ្រូបង្វឹក លោក Hansi Flick នឹងមិនមានអ្វីត្រូវឆ្ងល់ ដែលថា ជួបនឹងភាពតានតឹង ក្នុងការបាត់បង់កីឡាករសំខាន់ៗបែបនេះពីក្រុមរបស់គាត់។

កីឡាករប្រធានក្រុម Neuer ត្រូវបានជំនួសដោយអ្នកចាំទី Oliver Baumann របស់ក្រុម Hoffenheim ខណៈកីឡាករ Marc-Andre ter Stegen របស់ក្រុម Barcelona និង Kevin Trapp របស់ក្រុម Eintracht Frankfurt ក៏ត្រូវបានដាក់បញ្ចូល ក្នុងចំណោមជម្រើសផ្សេងទៀតរបស់លោក Flick ក្នុងការយកមកឈរឈាមបង្គោលទីរបស់ក្រុមឥន្ទ្រីដែក។

យ៉ាងណាក្ដី DFB មិនទាន់បានបញ្ជាក់ពីកីឡាករ ដែលត្រូវមកឈរ ក្នុងទីតាំងរបស់កីឡាករ Goretzka នៅឡើយទេ បើទោះបីជាលោក Flick នៅមានជម្រើសមួយចំនួន ដែលមានដូចជាកីឡាករ Joshua Kimmich, Ilkay Gundogan និង Thomas Muller ក៏ដោយ៕