ភ្នំពេញ៖ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនឹងបើកឱ្យធ្វើដំណើរដោយឥតគិតថ្លៃរយៈពេល១ខែពេញនៅខែតុលាមុនពេលការផ្ដើមបើកទូទាត់ប្រាក់នៅខែវិច្ឆិកាចុងឆ្នាំ។នេះបើតាមការឱ្យដឹងរបស់លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងពេលចុះទៅត្រួតពិនិត្យផ្លូវនេះជាលើកចុងក្រោយ កាលពីថ្ងៃទី២១ខែកញ្ញា។

គិតមកដល់ពេលនេះ ផ្លូវល្បឿនលឿន ភ្នំពេញ- ព្រះសីហនុ សម្រេចការងារសាងសង់រួចរាល់ស្ទើរតែ១០០%ហើយ ខណៈការងារនៅសល់បន្តិចបន្តួចក្រុមហ៊ុននឹងសាងសង់ឱ្យបានរួចរាល់ មុនពេលបើកដំណើរជាបណ្តោះអាសន្ន ឱ្យប្រជាពលរដ្ឋប្រើប្រាស់ ដោយឥតគិតថ្លៃចំនួន១ខែ នៅខែតុលា ឆ្នាំ២០២២ខាងមុខនេះ។
ក្នុងឱកាសនោះដែរលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា សម្រាប់រថយន្តគ្រួសារ ដែលជារថយន្តតូចអាចបើកបរល្បឿនខ្ពស់បំផុត១២០គីឡូម៉ែត្រក្នុងមួយម៉ោងខណៈដែលល្បឿនទាបបំផុត៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំពោះរថយន្តកុងតឺន័រដែលមានសណ្តោងអនុញ្ញាតឱ្យប្រាស់ល្បឿនត្រឹមតែ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈរថយន្តធំអត់មានសណ្តោង អាចឱ្យប្រើប្រាស់ល្បឿន១០០គីឡូម៉ែត្រក្នុងមួយម៉ោង។
បើតាមលោកទេសរដ្ឋមន្ត្រី រថយន្តដឹកទំនិញធុនធំ គឺតម្រូវឱ្យបើកដោយប្រកាន់ស្តាំជានិច្ច មិនអាចបើកលើគន្លងខាងឆ្វេងដោយប្រើពេលយូរបាននោះទេ ខណៈឡានតូចអាចប្រើប្រាស់បាន ក្នុងករណី ដែលមិនមានឧបសគ្គនៅខាងមុខ។ ជាមួយគ្នានោះ រថយន្តដែលបើកលើផ្លូវនេះ ដាច់ខាតត្រូវមានសុពលភាពឆៀកបានត្រឹមត្រូវ ទើបអាចបើកលើផ្លូវល្បឿនលឿននេះបាន។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា សម្រាប់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ ក៏មានការអនុញ្ញាតឱ្យម៉ូតូ ដែលមានទំហំស៊ីឡាំងលើសពី៥០០សេសេ អាចប្រើប្រាស់បានផងដែរ ដោយមានកំណត់ល្បឿនត្រឹមតែ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈដែលម៉ូតូមានមានទំហំស៊ីឡាំងតូចជាងនេះ គឺមិនមានការអនុញ្ញាតឱ្យប្រើប្រាស់នោះឡើយ។
បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទោះបីផ្លូវល្បឿនលឿននេះ ជាផ្លូវឯកជន តែក៏នៅក្រោមច្បាប់របស់ប្រទេសកម្ពុជា ដូចនេះផ្លូវនេះនៅតែមានការដាក់កាមេរ៉ាចាប់ល្បឿន នៅតាមគោលដៅនានា ជាមួយនឹងការផាកពិន័យងតាមច្បាប់ ដោយមិនមានការលើកលែងនោះឡើយ។
តម្លៃសម្រាប់ការធ្វើដំណើរលើផ្លូវល្បឿនលឿននេះ ចែកចេញជា៥ប្រភេទ។ប្រភេទទី១៖ ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី ៦០០សេសេឡើង, រថយន្តគ្រួសារ/រថយន្តដឹកទំនិញ (គ្រួសារ) ផ្ទុកមិនលើពី ៧នាក់, រថយន្តដឹកទំនិញធុនស្រាល ផ្ទុកមិនលើសពី២តោន តម្លៃ ០.០៦៤ដុល្លារ ក្នុងមួយគីឡូម៉ែត្រ សម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់តម្លៃ ០.០៨ដុល្លារក្នុងមួយគីឡូម៉ែត្រ។ប្រភេទទី២៖ រថយន្តដឹកអ្នកដំណើរផ្ទុកចាប់ពី ៨នាក់ ដល់ ១៩នាក់, រថយន្តដឹកទំនិញផ្ទុកចាប់ពី ២តោន ដល់ ៥តោន តម្លៃ ០.១២៨ដុល្លារ ក្នុងមួយគីឡូម៉ែត្រ សម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់ តម្លៃ ០.១៦ដុល្លារ ក្នុងមួយគីឡូម៉ែត្រ។ប្រភេទទី៣៖ រថយន្តដឹកអ្នកដំណើរធុនធំ ផ្ទុកចាប់ពី ២០នាក់ ដល់ ៥៦នាក់, រថយន្តដឹកទំនិញផ្ទុកចាប់ពី ៥តោន ដល់ ១០តោន តម្លៃ ០.១៩២ដុល្លារ ក្នុងមួយគីឡូម៉ែត្រ សម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់តម្លៃ ០.២៤ដុល្លារ។ប្រភេទទី៤៖ រថយន្តដឹកទំនិញធុនធ្ងន់ផ្ទុកចាប់ពី ១០តោន ដល់ ២០តោន តម្លៃ ០.២៥៦ដុល្លារក្នុងមួយគីឡូម៉ែត្រសម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់តម្លៃ ០.៣២ដុល្លារសម្រាប់មួយគីឡូម៉ែត្រ។ប្រភេទទី៥៖ រថយន្តដឹកទំនិញធុនធ្ងន់ ផ្ទុកលើសពី២០តោនឡើងទៅ (គិតទាំងរ៉ឺម៉កសណ្តោង) តម្លៃ ០.៣២ដុល្លារ ក្នុងមួយគីឡូម៉ែត្រ សម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់តម្លៃ ០.៤០ដុល្លារក្នុងមួយគីឡូម៉ែត្រ។
សូមជម្រាបថាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC)និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែគ្រោងចំណាយថវិកាជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិក។
គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕ដោយៈផាវី