សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានបញ្ជាក់អះអាងថា ក្រុមជម្រើសជាតិរុស៊្សីនឹងមិនត្រូវបានបញ្ចូលក្នុងការចាប់ឆ្នោតវគ្គជម្រុះនៅខែក្រោយ សម្រាប់ការប្រកួតជើងឯកអឺរ៉ុប ឆ្នាំ២០២៤ (Euro 2024) នោះទេ។
ប្រទេសរុស្ស៊ីត្រូវបានដកដោយសហព័នបាល់ទាត់អន្តរជាតិ (FIFA) និង UEFA បន្ទាប់ពីមានការលុកលុយឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ដោយក្រុមជម្រើសជាតិ និងក្លិបរបស់ប្រទេសនេះ ត្រូវបានហាមឃាត់ក្នុងការចូលរួមប្រកួតប្រជែងសម្រាប់កម្មវិធីនានា ទាំងក្នុងទ្វីប ឬអន្តរជាតិណាមួយ។
UEFA បានបញ្ជាក់មុនរដូវកាល ២០២២-២០២៣ ថា ក្លិបរបស់រុស្ស៊ីនឹងត្រូវដកចេញពីការប្រកួតក្នុងកម្មវិធីនានារបស់ពួកគេនារដូវកាលនេះ បើទោះបីជាព្រឹត្តិការណ៍ Euro 2024 មិនត្រូវបានលើកឡើងនៅក្នុងការផ្ដល់បច្ចុប្បន្នភាពក៏ដោយ។
ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលការបញ្ជាក់ពីនីតិវិធីសម្រាប់ការចាប់ឆ្នោតវគ្គជម្រុះ ដែលនឹងធ្វើឡើងនៅថ្ងៃទី៩ ខែតុលា UEFA នាពេលនេះបានបញ្ជាក់ថា ក្រុមរុស្ស៊ីនឹងមិនស្ថិតក្នុងចំណោមក្រុមទាំង ៥៣ ដែលត្រូវចាប់ឆ្នោតនោះទេ។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន UEFA បានឱ្យដឹងថា៖ «ក្រុមរុស្ស៊ីទាំងអស់បច្ចុប្បន្ន ត្រូវបានផ្អាក បន្ទាប់ពីមានការសម្រេចរបស់គណៈកម្មាធិការប្រតិបត្តិ UEFA នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលត្រូវបានបញ្ជាក់បន្ថែមដោយតុលាការអាជ្ញាកណ្តាលកីឡា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ ដូច្នេះ ក្រុមរុស្ស៊ីមិនត្រូវបានរួមបញ្ចូល ក្នុងការចាប់ឆ្នោតវគ្គជម្រុះ UEFA European Football Championship 2022-2024 នោះទេ»។
ប្រទេសអាល្លឺម៉ង់ ដែលជាម្ចាស់ផ្ទះនៃ Euro 2024 និងដែលទទួលបានសិទ្ធិដោយស្វ័យប្រវត្តិ ក៏នឹងមិនស្ថិតផងដែរក្នុងចំណោមក្រុមនៃការចាប់ឆ្នោតនាខែក្រោយ ដែលនឹងបែងចែកបានជា ៧ពូល ដែលមាន ៥ក្រុម និង ៣ពូល ដែលមាន ៦ក្រុម៕