កីឡា

Toney ត្រៀម​ចាប់​ឱកាស World Cup ក្រោយ​ត្រូវ​អង់គ្លេស​កោះហៅ

កីឡាករ Ivan Toney ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់យកឱកាស ក្នុង​ក្រុម​តោកំណាចអង់គ្លេស នៅមុនព្រឹត្តិការណ៍ World Cup ដោយនិយាយថា រូប​គេកំពុងប្រឹង​ប្រែង​យ៉ាង​ខ្លាំង នៅពេលនេះ បន្ទាប់ពីទទួល​បាន​ការកោះហៅជាលើក​ដំបូងរបស់ខ្លួន។

ខ្សែប្រយុទ្ធរបស់​ក្រុម Brentford រូប​នេះ ត្រូវបានបញ្ចូលក្នុងបញ្ជី​ឈ្មោះ​ក្រុមចុងក្រោយរបស់លោក Gareth Southgate សម្រាប់ការប្រកួត ក្នុង​កម្មវិធី Nations League នាពេលខាងមុខ ទល់​នឹង​ក្រុមអ៊ីតាលី និងអាល្លឺម៉ង់។

វាតំណាងឱ្យឱកាសចុងក្រោយ សម្រាប់អ្នកខាងក្រៅ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ក្រុម ហើយក្នុងនាមជាកីឡាករតែម្នាក់ ដែលមិនធ្លាប់​បាន​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ កីឡាករ Toney មើលទៅហាក់ដូចជារូប​គេ​ជាអ្នក​ក្រៅ ដែល​អាច​នឹង​មាន​ភាព​ល្បីល្បាញបាន​។

ការតស៊ូជាមួយនឹងរបួស ឬទម្រង់លេង សម្រាប់កីឡាករ Dominic Calvert-Lewin, Ollie Watkins និង Patrick Bamford ប្រហែលជាបើក​ផ្លូវឱ្យ​ខ្សែប្រយុទ្ធរូប​នេះ ហើយកាលពីថ្ងៃអង្គារ ​បាន​និយាយថា រូប​គេ​មិនមានបំណងឱ្យពេលវេលាដ៏​ល្អ​នេះកន្លងផុតទៅនោះទេ។

កីឡាករ Toney បាន​បញ្ជាក់​ថា៖ «នេះ​ជា​ឱកាស​របស់​ខ្ញុំ នាពេល​នេះ។ ខ្ញុំត្រូវទទួល​យកវាដោយដៃទាំង២។ ខ្ញុំរំភើប ខ្ញុំជឿជាក់ ហើយខ្ញុំស្រេកឃ្លានខ្លាំងណាស់។ ខ្ញុំកំពុង​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង នៅពេលនេះ។ ខ្ញុំនឹងមិនអនុញ្ញាតឱ្យឱកាស​នេះ​កន្លងទៅដោយខ្ញុំខ្លួន​ឯង ឬដោយមធ្យោបាយណាមួយជាដាច់ខាត»៕