កីឡាករ Ivan Toney ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់យកឱកាស ក្នុងក្រុមតោកំណាចអង់គ្លេស នៅមុនព្រឹត្តិការណ៍ World Cup ដោយនិយាយថា រូបគេកំពុងប្រឹងប្រែងយ៉ាងខ្លាំង នៅពេលនេះ បន្ទាប់ពីទទួលបានការកោះហៅជាលើកដំបូងរបស់ខ្លួន។
![](https://cambodiaflashnews.com/wp-content/uploads/2021/06/top-banner.gif)
ខ្សែប្រយុទ្ធរបស់ក្រុម Brentford រូបនេះ ត្រូវបានបញ្ចូលក្នុងបញ្ជីឈ្មោះក្រុមចុងក្រោយរបស់លោក Gareth Southgate សម្រាប់ការប្រកួត ក្នុងកម្មវិធី Nations League នាពេលខាងមុខ ទល់នឹងក្រុមអ៊ីតាលី និងអាល្លឺម៉ង់។
វាតំណាងឱ្យឱកាសចុងក្រោយ សម្រាប់អ្នកខាងក្រៅ ដែលត្រូវបានដាក់បញ្ចូលក្នុងក្រុម ហើយក្នុងនាមជាកីឡាករតែម្នាក់ ដែលមិនធ្លាប់បានលេងឱ្យក្រុមជម្រើសជាតិ កីឡាករ Toney មើលទៅហាក់ដូចជារូបគេជាអ្នកក្រៅ ដែលអាចនឹងមានភាពល្បីល្បាញបាន។
ការតស៊ូជាមួយនឹងរបួស ឬទម្រង់លេង សម្រាប់កីឡាករ Dominic Calvert-Lewin, Ollie Watkins និង Patrick Bamford ប្រហែលជាបើកផ្លូវឱ្យខ្សែប្រយុទ្ធរូបនេះ ហើយកាលពីថ្ងៃអង្គារ បាននិយាយថា រូបគេមិនមានបំណងឱ្យពេលវេលាដ៏ល្អនេះកន្លងផុតទៅនោះទេ។
កីឡាករ Toney បានបញ្ជាក់ថា៖ «នេះជាឱកាសរបស់ខ្ញុំ នាពេលនេះ។ ខ្ញុំត្រូវទទួលយកវាដោយដៃទាំង២។ ខ្ញុំរំភើប ខ្ញុំជឿជាក់ ហើយខ្ញុំស្រេកឃ្លានខ្លាំងណាស់។ ខ្ញុំកំពុងប្រឹងប្រែងយ៉ាងខ្លាំង នៅពេលនេះ។ ខ្ញុំនឹងមិនអនុញ្ញាតឱ្យឱកាសនេះកន្លងទៅដោយខ្ញុំខ្លួនឯង ឬដោយមធ្យោបាយណាមួយជាដាច់ខាត»៕