កីឡា

Lewandowski នឹង​ពាក់​ស្លាក​ប្រធានក្រុមអ៊ុយក្រែន នៅ​កាតា

ខ្សែប្រយុទ្ធ Robert Lewandowski នឹង​ពាក់ទាំង​ស្លាក​ប្រធាន​ក្រុមរបស់​ជម្រើសជាតិ​ប៉ូឡូញ និង​អ៊ុយក្រែន​ នៅឯ​ព្រឹត្តិការណ៍ World Cup នា​ប្រទេស​កាតា ចុង​ឆ្នាំ​នេះ។

គ្រូបង្វឹកក្រុម​អ៊ុយក្រែន លោក Andriy Shevchenko បានប្រគល់​ជា​តំណាងនូវ​ស្លាក​ពាក់​ដៃពណ៌ខៀវ និងលឿងដល់​ស៊ុប​ភើស្តារ​របស់​ក្រុម​អ្នកមានបុណ្យ Barcelona កាលពីថ្ងៃអង្គារ នៅឯពហុកីឡដ្ឋានជាតិរបស់​ប្រទេសប៉ូឡូញ ក្នុងទីក្រុង Warsaw។

លោក Shevchenko បានសរសេរលើនៅ​បណ្ដាញសង្គម Twitter ដើម្បី​អរគុណ​ដល់​កីឡាករ Lewandowski កាលពីថ្ងៃអង្គារថា​៖ «សូម​អរគុណ! វាពិតជារីករាយណាស់ ដែលបានជួបអ្នក។ វានឹងក្លាយជាកិត្តិយសសម្រាប់ខ្ញុំក្នុងការបាន​ពាក់ស្លាកប្រធានក្រុម ក្នុង​ពណ៌នៃប្រទេសអ៊ុយក្រែន ឆ្ពោះ​ទៅកាន់ព្រឹត្តិការណ៍ World Cup»។

​ខណៈពេលដែលក្រុមប៉ូឡូញ ដណ្ដើ​មបាន​សិទ្ធិដើម្បី​​ទៅចូល​រួម​​ប្រកួតប្រជែង នៅ World Cup ដោយទម្លាក់​ក្រុមស៊ុយអែតក្នុងវគ្គជម្រុះ កាល​ពីខែមីនា ក្រុមជម្រើសជាតិអ៊ុយក្រែន បានធ្លាក់ដោយសារក្រុម​វែលស៍ ក្នុងវគ្គជម្រុះចុងក្រោយនៅអឺរ៉ុប កាល​ពីខែមិថុនា។

«ប្រទេសទាំងមូលត្រូវបានរងផលប៉ះពាល់ដោយសង្រ្គាម មនុស្សគ្រប់គ្នាស្ថិតក្នុងគ្រោះថ្នាក់ ហើយ​ទន្ទឹម​នឹង​នេះ​ដែរ អ្នក​រាល់​គ្នា​កំពុង​ធ្វើ​ការងារ​ និង​ធ្វើ​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន ​ដើម្បី​​រួម​ចំណែក​ជួយ​អ្នក​ដទៃ និង​ប្រទេសជាតិ។ ​កីឡាករ​បាល់ទាត់​ក៏​មិន​មាន​ករណី​លើកលែង​ដែរ»។ នេះ​ជា​សម្ដី​របស់​លោក Shevchenko ដែល​និយាយ​ប្រាប់​ប្រព័ន្ធផ្សព្វផ្សាយនៅ​ប៉ូឡូញ។

លោក Shevchenko បាន​បន្ថែម​ថា​៖ «នេះក៏ជាសារមួយទៅកាន់ពិភពលោកផងដែរ យើងកំពុងប្រយុទ្ធ យើងនៅមានជីវិត ហើយយើងនឹងមិនបោះបង់ចោលនោះ​ឡើយ»។

សម្រាប់​ការ​ប្រកួត​ប្រជែង​ដ៏ធំ នៅឯប្រទេសកាតាឯណោះវិញ​ ក្រុមប៉ូឡូញនឹងត្រូវប្រឈមជាមួយក្រុម អាហ្សង់ទីន អារ៉ាប៊ីសាអ៊ូឌីត និងម៉ិកស៊ិក ក្នុងពូល C៕