ខ្សែប្រយុទ្ធ Robert Lewandowski នឹងពាក់ទាំងស្លាកប្រធានក្រុមរបស់ជម្រើសជាតិប៉ូឡូញ និងអ៊ុយក្រែន នៅឯព្រឹត្តិការណ៍ World Cup នាប្រទេសកាតា ចុងឆ្នាំនេះ។

គ្រូបង្វឹកក្រុមអ៊ុយក្រែន លោក Andriy Shevchenko បានប្រគល់ជាតំណាងនូវស្លាកពាក់ដៃពណ៌ខៀវ និងលឿងដល់ស៊ុបភើស្តាររបស់ក្រុមអ្នកមានបុណ្យ Barcelona កាលពីថ្ងៃអង្គារ នៅឯពហុកីឡដ្ឋានជាតិរបស់ប្រទេសប៉ូឡូញ ក្នុងទីក្រុង Warsaw។
លោក Shevchenko បានសរសេរលើនៅបណ្ដាញសង្គម Twitter ដើម្បីអរគុណដល់កីឡាករ Lewandowski កាលពីថ្ងៃអង្គារថា៖ «សូមអរគុណ! វាពិតជារីករាយណាស់ ដែលបានជួបអ្នក។ វានឹងក្លាយជាកិត្តិយសសម្រាប់ខ្ញុំក្នុងការបានពាក់ស្លាកប្រធានក្រុម ក្នុងពណ៌នៃប្រទេសអ៊ុយក្រែន ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ World Cup»។
ខណៈពេលដែលក្រុមប៉ូឡូញ ដណ្ដើមបានសិទ្ធិដើម្បីទៅចូលរួមប្រកួតប្រជែង នៅ World Cup ដោយទម្លាក់ក្រុមស៊ុយអែតក្នុងវគ្គជម្រុះ កាលពីខែមីនា ក្រុមជម្រើសជាតិអ៊ុយក្រែន បានធ្លាក់ដោយសារក្រុមវែលស៍ ក្នុងវគ្គជម្រុះចុងក្រោយនៅអឺរ៉ុប កាលពីខែមិថុនា។
«ប្រទេសទាំងមូលត្រូវបានរងផលប៉ះពាល់ដោយសង្រ្គាម មនុស្សគ្រប់គ្នាស្ថិតក្នុងគ្រោះថ្នាក់ ហើយទន្ទឹមនឹងនេះដែរ អ្នករាល់គ្នាកំពុងធ្វើការងារ និងធ្វើអ្វីដែលខ្លួនអាចធ្វើបាន ដើម្បីរួមចំណែកជួយអ្នកដទៃ និងប្រទេសជាតិ។ កីឡាករបាល់ទាត់ក៏មិនមានករណីលើកលែងដែរ»។ នេះជាសម្ដីរបស់លោក Shevchenko ដែលនិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅប៉ូឡូញ។
លោក Shevchenko បានបន្ថែមថា៖ «នេះក៏ជាសារមួយទៅកាន់ពិភពលោកផងដែរ យើងកំពុងប្រយុទ្ធ យើងនៅមានជីវិត ហើយយើងនឹងមិនបោះបង់ចោលនោះឡើយ»។
សម្រាប់ការប្រកួតប្រជែងដ៏ធំ នៅឯប្រទេសកាតាឯណោះវិញ ក្រុមប៉ូឡូញនឹងត្រូវប្រឈមជាមួយក្រុម អាហ្សង់ទីន អារ៉ាប៊ីសាអ៊ូឌីត និងម៉ិកស៊ិក ក្នុងពូល C៕