បច្ចេកវិទ្យា

អវកាសយានិកអាម៉េរិកម្នាក់ និងរុស្ស៊ីពីរនាក់គ្រោងនឹងហោះរួមគ្នាទៅកាន់ស្ថានីយអវកាសអន្តរជាតិ

អវកាសយានិកអាម៉េរិកម្នាក់និងរុស្ស៊ីពីរនាក់ ​គ្រោងនឹងហោះរួមគ្នាទៅកាន់ស្ថានីយអវកាសអន្តរជាតិ ហៅកាត់ថា​ISS នៅថ្ងៃពុធសប្តាហ៍នេះ បើទោះបីជាមានភាពតានតឹងដាក់គ្នារឿងអ៊ុយក្រែនក៏ដោយ។

យោងតាមទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានឱ្យដឹងថា លោក Frank Rubio អវកាសយាននិកអាម៉េរិករបស់អង្គការ NASA, លោក Sergey Prokopyev និងលោក Dmitry Petelin របស់រុស្ស៊ី គ្រោងនឹងហោះហើររួមគ្នាទៅកាន់ស្ថានីយអវកាសអន្តរជាតិហៅកាត់ថា​ISS ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះយានអវកាស Baikonur cosmodrome គ្រប់គ្រងដោយរុស្ស៊ីនៅប្រទេសកាហ្សាក់ស្ថាននៅល្ងាចថ្ងៃពុធទី២១ ខែកញ្ញា ឆ្នាំ២០២២ ។ អវកាសយានិកទាំងនេះ នឹងចូលរួមបំពេញបេសកកម្មការងារវិទ្យាសាស្រ្តដូចធម្មតានៅក្នុង​ម៉ូឌុលនៃស្ថានីយអវកាស។

បើទោះបីជាបច្ចុប្បន្ននេះ ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងមូស្គូមើលមុខគ្នាមិនសូវចំក៏ដោយ​ជុំវិញរឿងអ៊ុយក្រែន ប៉ុន្តែវិស័យអវកាសនៅតែបន្តជាធម្មតារវាងរដ្ឋទាំងពីរ។ Rubio នឹងក្លាយជាអវកាសយានិកអាម៉េរិកដំបូងគេបង្អស់ដែលធ្វើដំណើរទៅកាន់ ISS តាមរយៈរ៉ុក្កែត Soyuz របស់រុស្ស៊ី ចាប់តាំងពីប្រធានាធិបតី Vladimir Putin បានបញ្ជូនកងទ័ពទៅកាន់​ប្រទេសអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ៕

ប្រភព៖ REUTERS

ប្រភពរូប៖ REUTERS

ប្រែសម្រួល៖សុខ តុលា