សេដ្ឋកិច្ច

គម្រោង​រៀបចំ​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​មក​ផ្លូវជាតិ​លេខ​៥ សម្រេចបាន​ជិត​៦០​ភាគរយ​

​ភ្នំពេញ​៖​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ទីប្រឹក្សា​ត្រួតពិនិត្យ​បច្ចេកទេស​និង​មន្ត្រី​ជំនាញ​បច្ចេកទេស​គម្រោង​ពាក់ព័ន្ធ​នៅ​ដើម​សប្តាហ៍​នេះ​បាន​ជួប​ពិភាក្សាគ្នា​ដើម្បី​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​រៀបចំ​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ ។​គម្រោង​នេះ សម្រេចបាន​ចំនួន ៥៨,៤៨%​ហើយ​។​

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​ទីប្រឹក្សា​ត្រួតពិនិត្យ​បច្ចេកទេស​គម្រោង​ស្តីពី​វឌ្ឍនភាព​នៃ​ការ អនុវត្ត​គម្រោង​បញ្ហា​ប្រឈម​មួយចំនួន​ទាក់ទង​នឹង​ការ​នាំចូល​សម្ភារៈ​វត្ថុធាតុដើម បញ្ហា​ទាក់ទង​នឹង​កង្វះ​វិស្វករ​នៅ​ការដ្ឋាន និង​ភ្លៀង​ធ្លាក់​ច្រើន​បង្ក​ឧបសគ្គ​ដល់​ការ អនុវត្ត​គម្រោង ជាដើម​។​


​លោក យិ​ត បុ​ណ្ណា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូននិង​ជា​នាយ​គម្រោង​រៀបចំ​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ បាន​មានប្រសាសន៍ថា​៖​អង្គ​ប្រជុំបាន​ពិនិត្យ និង​ពិភាក្សា​លម្អិត​លើ​វឌ្ឍនភាព​ការងារ ការ​នាំចូល​សម្ភារៈ​វត្ថុធាតុ ដើម​ការបែងចែក​ក​ម្លាំ​ពលកម្ម​-​កម្មករ​ជំនាញ​តាម​អគារ​នីមួយៗនិង​បញ្ហា​ប្រឈម​នានាព្រមទាំង​បានស្នើឱ្យ​ទីប្រឹក្សា​ត្រួតពិនិត្យ​បច្ចេកទេស​ រៀបចំ​ផែនការ​លម្អិត​លើ​ការងារ​នាំចូល​សម្ភារៈ​វត្ថុធាតុដើម និង​ការសាងសង់ ដើម្បី​តាមដាន ត្រួតពិនិត្យ និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ CM Grand Development និង​Tan Kim Eng អនុវត្ត​គម្រោង​ឱ្យ​សម្រេច​តាម​ផែន​ការដែល​បាន​សន្យា​។​

សូម​ជម្រាបជូន​ថា​៖ យោងតាម​របាយការណ៍​របស់​អង្គភាព​គ្រប់គ្រង​គម្រោង គិត​ត្រឹម​ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ​២០២២​នេះ គម្រោង​រៀបចំ​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​មក​ផ្លូវជាតិ​លេ​៥ សម្រេចបាន​ចំនួន ៥៨,៤៨%​ហើយ​៕​ដោយៈសិរីមតី