ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអំពាវនាវឲ្យម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេសដែលបានមកចុះបញ្ជីរួចហើយ ត្រូវមកបំពេញកាតព្វកិច្ចពន្ធ និងអាករ ត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដោយពុំមានការពន្យារពេលទៀតឡើយ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក៏បានរំលឹកដល់ម្ចាស់រថយន្តចង្កូតស្តាំដែលបានចុះបញ្ជីរួចប៉ុន្តែនៅមិនទាន់បានមកបំពេញកាតព្វកិច្ចពន្ធនិងអាករ ឱ្យប្រញាប់រួសរាន់ចូលមកបង់ពន្ធនិងអាករនៅតាមបណ្តាអង្គភាពគយនិងរដ្ឋាករ រាជធានី-ខេត្ត ដែលសាមីខ្លួនបានចុះបញ្ជីរថយន្តរបស់ខ្លួន ឱ្យបានមុនការកំណត់ដូចបានជម្រាបជូនខាងលើ ជាកំហិត ដើម្បីចៀសផុតពីការបង្ក្រាបដោយមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចតាមដងផ្លូវ ការដ្ឋាន អាជីវកម្មដ្ឋាន និងតាមទីកន្លែងសាធារណៈជាយថាហេតុ។
ក្រោយថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ រថយន្តចង្កូតស្ដាំបានចុះបញ្ជីរួចដែលពុំបានបំពេញកាតព្វកិច្ចពន្ធ និងអាករគឺជាមុខសញ្ញានៃការបង្ក្រាបរឹបអូស ដោះជាគ្រឿងបន្លាស់ ឬកំទេចចោលតាមច្បាប់ និងបទប្បញ្ញត្តិ ជាធរមាន ដោយពុំមានការអនុគ្រោះទៀតឡើយ៕ដោយៈសិរីមតី