សេដ្ឋកិច្ច

រដ្ឋាភិបាល​កម្ពុជា ថៃ កំពុង​ព​ន្លឿ​ន​បើក​ច្រកព្រំដែន​អន្តរជាតិ​ចំនួន​៣​បន្ថែមទៀត​ដើម្បីទាក់ទាញពាណិជ្ជកម្មនិងទេសចរណ៍​

​ភ្នំពេញៈ​រាជរដ្ឋាភិបាល​កម្ពុជា និង​រាជរដ្ឋាភិបាល​ថៃ បាន​ឯកភាពគ្នា ក្នុងការ​ព​ន្លឿ​ន​ដំឡើង និង​បើក​ដំណើរការ ច្រកទ្វារព្រំដែន​អន្ដរជាតិ​ចំនួន​៣​បន្ថែមទៀត​ដើម្បី​បង្កើន​ពាណិជ្ជកម្ម​និង​ទេសចរណ៍​។​

​ការឯកភាព​គ្នា​នេះ ធ្វើឡើង​ក្នុងជំនួប​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូរបស់​អភិបាលខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ នាពេល​ថ្មីៗ​នេះ​ដែល​ភាគី​កម្ពុជា​ដឹកនាំ​ដោយសម្ដេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ភាគី​ថៃ ដឹកនាំ​ដោយ​នាយ​ឧត្ដមសេនីយ៍ អនុ​ភុង ផៅ​ចិន្តា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថៃ​។

ច្រកទ្វារព្រំដែន​អន្ដរជាតិ​ចំនួន​៣ ដែល​បាន​ឯកភាពគ្នា​ក្នុងការ​ព​ន្លឿ​ន​តម្លើងនិង​បើក​ដំណើរការ​នោះ​រួមមាន ទី​១ ច្រកទ្វារព្រំដែន អាន​សេះ​ (​ខេត្តព្រះវិហារ​)-​អាន​ម៉ា(​ខេត្ត​ឧ​ប៊ុន​ថានី​) ទី​២ ច្រកទ្វារព្រំដែន​ថ្មដា (​ខេត្តពោធិ៍សាត់​)-​បាន​ថា​សែន (​ខេត្ត​ត្រាត​)និង​ទី​៣ ច្រកទ្វារព្រំដែន​​ជប់​គគីរ (​ខេត្ត​ឧ​ត្ត​រ​មានជ័យ​)-​សាយ​តា​តូ (​ខេត្ត​បុរី​រ៉ាំ​)​។​

​បន្ថែម​ពីនេះ ភាគី​ទាំងពីរ​ក៏បាន​លើក​ទឹក​ចិ ត្ត​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ សហការ​ឲ្យ​បាន​ជិតស្និទ្ធ ដើម្បី​ឈានទៅ​បើក​ដំណើរការ ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ (​ខេត្តបន្ទាយមានជ័យ​)-​បាន​ណង​អៀន (​ខេត្ត​ស្រះកែវ​) ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។​

​ក្នុងនោះដែរ ភាគី​កម្ពុជា​-​ថៃ ក៏បាន​យល់ព្រម​ពិនិត្យ​លទ្ធភាព ក្នុងការ​ដំឡើង​កម្រិត​ច្រកទ្វារព្រំដែន​ឆក​រកា (​ខេត្តបាត់ដំបង​)-​បាន​ម៉ាក់​មួង (​ខេត្ត​ត្រាត​) ទៅជា​ច្រកទ្វារព្រំដែន​អន្តរជាតិ​។ ជាងនេះទៅទៀត ភាគី​ទាំង​ពីរបាន​លើកទឹកចិត្ត​អាជ្ញាធរ ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ ឲ្យ​ធ្វើ​ការ​វាស់វែង​លម្អិត​នៅ​ភូមិ​ព្រៃ​ចាន់ ខេត្តបន្ទាយមានជ័យ និង​ភូមិ​ណន​ម៉ាក់​មួន ខេត្ត​ស្រះកែវ ដើម្បី​បង្កើត​ច្រកទ្វារ​តំបន់​ព្រំដែន​ថ្មី​មួយទៀត​ផងដែរ​៕​ដោយ៖សិរីមតី