ព័ត៌មានជាតិ

ណូវែលហ្សេឡង់បន្តជួយលើការគ្រប់គ្រងធនធានធម្មជាតិនិងសហគមន៍ក្នុងតំបន់អង្គរ

សៀមរាប៖រដ្ឋមន្រ្តីពាណិជ្ជកម្ម និងនីហរ័ណនៃប្រទេសណូវែលហ្សេឡង់(Newzeland) លោក Phil Twyford បានចុះពិនិត្យមើលសមិទ្ធផលសំខាន់ៗនៃគម្រោងសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរាមួយចំនួនដូចជាគំរោងនៃការគ្រប់គ្រងធនធានធម្មជាតិ និងសហគមន៍នៅក្នុងតំបន់អង្គរកាលពីរសៀលថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២២។

មន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៩ ប្រទេសណូវែលហ្សេឡង់ បានគាំទ្រអាជ្ញាធរជាតិអប្សរាលើគម្រោងជាបន្តបន្ទាប់រួមមានបីដំណាក់កាលរួចមកហើយ ដូចជា ដំណាក់កាលទី១ពីឆ្នាំ(២០០៩ – ២០១០)ជាគម្រោងសាកល្បងកម្មវិធីគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរ ដោយមានការចូលរួមពីសហគមន៍ ដែលហៅកាត់ថា APNRM&L (Angkor Participatory Natural Resource Management & Livelihoods) ។ដំណាក់កាលទី២ពីឆ្នាំ(២០១១ – ២០១៣)គម្រោងកម្មវិធីគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរ ដោយមានការចូលរួមពីសហគមន៍ដែលហៅកាត់ថា APNRM&L (Angkor Participatory Natural Resource Management & Livelihoods) ។ដំណាក់កាលទី៣ពីឆ្នាំ(២០១៤ – ២០១៩)គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គរ ដែលហៅកាត់ថា ACHA (Angkor Community Heritage and Economic Advancement)។

សម្រាប់ពេលអនាគតទៅមុខ ដែលជាដំណាក់កាលទី៤ ប្រទេសណូវែលហ្សេឡង់ បានសន្យានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ដោយផ្តោតលើការគ្រប់គ្រងធនធានធម្មជាតិ និងសហគមន៍នៅក្នុងតំបន់អង្គរ។

គម្រោងសហប្រតិបត្តិការទ្វេរភាគីនេះមានសារប្រយោជន៍ខ្លាំង សម្រាប់ជួយឱ្យការថែរក្សាប្រព័ន្ធធារាសាស្រ្តសម័យបុរាណឲ្យគង់វង់និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការក្រប់គ្រងទឹកក្នុងតំបន់សៀមរាប-អង្គរ និងការទាញអត្ថប្រយោជន៍ពីធនធានធម្មជាតិដើម្បីអភិវឌ្ឍន៍សហគមន៍ និងការកសាងសមត្ថភាពនិងធនធានមនុស្សជាដើម៕