កីឡាករវ័យក្មេង Gavi របស់ក្លិប Barcelona បានយល់ព្រមលើកដងប៉ាកកាចុះហត្ថលេខា ក្នុងកិច្ចសន្យាថ្មីរហូតដល់ឆ្នាំ២០២៦ ចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់ នៅឯកីឡដ្ឋាន Camp Nou កាលពីថ្ងៃព្រហស្បតិ៍ ដោយប្រធានក្លិបលោក Joan Laporta បានធ្វើការអបអរសាទរថា វាជាថ្ងៃប្រវត្តិសាស្ត្រ។
![](https://cambodiaflashnews.com/wp-content/uploads/2021/06/top-banner.gif)
ខ្សែបម្រើ ដែលក្លាយជាកីឡាករស្នូល សម្រាប់ក្រុមរបស់ខ្លួនរួចហើយ ក្នុងវ័យ ១៨ឆ្នាំ និងដែលក្លាយជាកីឡាករជម្រើសដំបូងយ៉ាងទៀងទាត់ ក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ ក្រោមការដឹកនាំរបស់លោក Luis Enrique មានតម្លៃផ្ដាច់កុងត្រា ១ពាន់លានអឺរ៉ូ (១,០០០១៧ពាន់លានដុល្លារ)។
«ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រ។ ជាមួយនឹងកីឡាករ Gavi យើងកំពុងបន្តបច្ចុប្បន្នភាព ភាពបន្ទាន់ភ្លាមៗ និងអនាគតរបស់ក្លិប Barca»។ នេះជាការលើកឡើងខ្លីៗរបស់ប្រធានក្លិប លោក Laporta។
សម្រាប់សមិទ្ធផល ដែលចេញពីសាលាបាល់ទាត់ថ្នាលរបស់ក្លិប កីឡាករ Gavi ដែលបានចាប់ផ្តើមចូលលេងនូវរាល់ការប្រកួតរបស់ក្រុមអ្នកមានបុណ្យ នារដូវកាលនេះ បានក្លាយជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតរបស់ក្រុមគោជល់អេស្ប៉ាញ ក្នុងខែមិថុនា ឆ្នាំ២០២២ នៅវ័យ ១៧ឆ្នាំ និង៣០៤ថ្ងៃ។
ក្រោយព្រមព្រៀងបន្តកុងត្រា កីឡាករ Gavi បាននិយាយថា៖ «ខ្ញុំព្យាយាមបណ្ដោយគ្រប់យ៉ាងឱ្យទៅតាមធម្មជាតិ ដែលអាចធ្វើទៅបាន។ La Masia (សាលាបាល់ទាត់ថ្នាលរបស់ Barca) បានជួយខ្ញុំច្រើន ក្នុងរឿងនេះ ក៏ដូចជាក្រុម និងបុគ្គលិកផងដែរ។ ខ្ញុំដឹងគុណយ៉ាងខ្លាំងចំពោះមេចុងភៅ និងគ្រូបង្ហាត់បង្រៀន (នៅសាលានោះ)។ តាំងពីតូចមក ពួកគេបានបង្ហាញខ្ញុំពីរបៀបធ្វើការ និងការឱនលំទោន»៕