កីឡា

Joaquin ក្លាយជាអ្នករកគ្រាប់បាល់បានវ័យចំណាស់បំផុត នៅ Europa League

កីឡាករវ័យចំណាស់ Joaquin របស់ក្រុម Real Betis បានកត់ត្រាឈ្មោះរបស់ខ្លួនដាក់ក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Europa League បន្ទាប់ពីក្លាយជាអ្នកស៊ុតបញ្ចូលទីចាស់ជាងគេបំផុត ក្នុងការប្រកួត ជាមួយនឹងគ្រាប់បាល់ ក្នុងវគ្គទី១ ទល់នឹងក្រុម Ludogorets។

សម្រាប់ការប្រកួតទល់នឹងក្រុមរបស់ប្រទេសប៊ុលហ្គារី កាលពីថ្ងៃព្រហស្បតិ៍នេះ ក្រុម Betis របស់លោក Manuel Pellegrini បាននាំមុខមុន បន្ទាប់ពី ២៥នាទី ដោយសារការតែតបាល់បញ្ចូលទីរបស់កីឡាករ Luiz Henrique ហើយប្រធានក្រុមកីឡាករ Joaquin បានបន្ថែមការនាំមុខទ្វេដង សម្រាប់ក្រុមម្ចាស់ផ្ទះ នៅ ៦នាទី មុនឈប់សម្រាកវគ្គទី ១ ដោយការទាត់បាល់កោងតម្រង់ជ្រុង ៩០ដឺក្រេខាងស្ដាំចូលទីយ៉ាងស្អាត។

គ្រាប់នោះនោះ បានធ្វើឱ្យកីឡាករ Joaquin ដែលមានអាយុ ៤១ឆ្នាំ និង ៥៦ថ្ងៃ ជាអ្នកទាត់បាល់វ័យចំណាស់បំផុត ដែលរកគ្រាប់បាល់បាន នៅ Europa League ដោយបំបែកកំណត់ត្រារបស់កីឡាករ Daniel Hestad របស់ក្រុម Molde ដែលទម្លុះសំណាញ់ទីរបស់ក្រុម Celtic ក្នុងខែវិច្ឆិកា ឆ្នាំ២០១៥។

ងាកមកការប្រកួតវិញ កីឡាករ Kiril Despodov បានជួយកាត់បន្ថយការនាំមុខ ១គ្រាប់ សម្រាប់ក្រុម Ludogorets នៅក្នុងម៉ោងបន្ថែមមានរបួសនៃវគ្គទី ១ តែយ៉ាងណាក្ដី ក្រុម Betis មានឱកាសស្ដារការនាំមុខ ២គ្រាប់របស់ពួកគេឡើងវិញ ដោសសារគ្រាប់បាល់ Sergio Canales នៅនាទីទី៥៩។

កីឡាករបម្រុង Rick បានជួយផ្ដល់ក្ដីសង្ឃឹមឱ្យក្រុម Ludogorets ក្នុងការតាមស្មើ ជាមួយនឹងការនៅសល់ ១៦នាទីចុងក្រោយ តែក្រុម Betis បានទប់លទ្ធផល ៣-២ ឱ្យនៅដដែល រហូតដល់សំឡេងកញ្ចែចុងក្រោយបន្លឺឡើង ដើម្បីរក្សាតំណែងលេខ ១ ក្នុងពូល C ជាមួយនឹងជ័យជម្នះទាំង ២លើករបស់ខ្លួន៕