សេដ្ឋកិច្ច

កម្មសិទ្ធិបញ្ញា​ពាណិជ្ជកម្ម ជំ​រុញឱ្យ​សហគ្រាស​ធុន​តូច​និង​មធ្យម​ប្រើ​កម្មសិទ្ធិបញ្ញា​របស់ខ្លួន​ជា​ទ្រព្យ ក្នុង​ការជំរុញ​ការធ្វើ​អាជីវកម្ម​

សៀមរាប​៖ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​នា​ថ្ងៃទី​១៥​ខែកញ្ញា បានធ្វើការ​ពិភាក្សា​ពី​ការ​ផ្តល់​​ជំនួយ​បច្ចេកទេស​និង​ការបន្ត​កិច្ចសហប្រតិបត្តិការ ដល់​បណ្តា​ប្រទេស​អាស៊ាន និង​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការជួយ​លើកកម្ពស់​សមត្ថភាព របស់​សហគ្រាស​ធុន​តូចនិង​មធ្យមដើម្បី​ជំរុញ​ឱ្យ​សហគ្រាស​ធុន​តូចនិង​មធ្យមប្រើ​ប្រាស់​​កម្មសិទ្ធិបញ្ញា ជំរុញ​ការធ្វើ​អាជីវកម្ម​ឱ្យ​កាន់តែ​រីកចម្រើន​។​

​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ក្នុង​កិច្ចពិភាក្សា​នេះ បាន​ជំរុញ​និង​លើកទឹកចិត្ត​ដល់​ការប្រើប្រាស់​កម្មសិទ្ធិបញ្ញា​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ឱ្យបាន​ពេញលេញ ដែល​ជំរុញ​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម ក៏ដូចជា​អ្នក​ច្នៃប្រឌិត​ធ្វើយ៉ាងណា​ប្រើប្រាស់​កម្មសិទ្ធិបញ្ញា​រប​ស់​ខ្លួន​ជា​ទ្រព្យ​ក្នុង​ការជំរុញ​ការធ្វើ​អាជីវកម្ម​និង​ប្រើប្រាស់​កម្មសិទ្ធិបញ្ញា​នេះ​ឱ្យអស់​លទ្ធភាព​ដើម្បី​​ភាព​រីកចម្រើន​នៃ​ក្រុមហ៊ុន​របស់ខ្លួន​។​

​លោក​បាន​លើកឡើងថា​ការប្រើប្រាស់​កម្មសិទ្ធិបញ្ញា​ជា​លក្ខណៈ​ពាណិជ្ជ​កម្មនេះ​នឹង​អាចជួយ​ឱ្យមាន​ការទាក់ទាញ​វិនិយោគ​ដោយផ្ទាល់​ថែមទៀត​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​ទាំងមូលហើយ​កិច្ច​នេះ​មាន​ប្រយោជន៍​បំផុត​សម្រាប់​ប្រទេស​​កម្ពុជា​យើង ដោយសារ​យើង​មាន​កម្មសិទ្ធិបញ្ញា​មាំមួន យើង​មានច្បាប់​គ្រប់គ្រាន់​ទាំង​ច្បាប់​ម៉ាក ពាណិជ្ជសញ្ញា និង​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​ច្បាប់​សិទ្ធិ​ប្រហាក់ប្រហែល​៕ដោយៈសិរីមតី