ភ្នំពេញ៖សម្រាប់រយៈពេល ៨ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៩ ៨៧៩,១៤ ប៊ីលានរៀល (ប្រមាណជា ២ ៤៣៩,២៩ លានដុល្លារ) ស្មើនឹង ៨៦,៥១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ឃើញថាកើនឡើងចំនួន ២ ១៣៨,៨៦ ប៊ីលានរៀល (ប្រមាណជា ៥២៨,១១ លានដុល្លារ) ស្មើនឹង ២៧,៦៦%។

នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម គង់ វិបុលរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រតិភូរាជរដ្ឋាភិបាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែសីហា កាលពីថ្ងៃទី១៥ខែកញ្ញា២០២២។
ឯកឧត្តម គង់ វិបុល បានឱ្យដឹងទៀតថា៖ចំពោះ ខែសីហា ឆ្នាំ២០២២ ចំណូលពន្ធ-អាករ មានចំនួន ៩២៧,៩៣ ប៊ីលានរៀល (ប្រមាណជា ២២៩,១២ លានដុល្លារ) ស្មើនឹង ៨,១៣% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។បើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែសីហា ឆ្នាំ២០២១ ឃើញថាកើនឡើង ចំនួន ១៤៩,១២ ប៊ីលានរៀល (ប្រមាណជា ៣៦,៨២ លានដុល្លារ) ស្មើនឹង ១៩,១៥%។
ឯកឧត្តម គង់ វិបុល បានលកឡើងថា៖ទោះបីជាមានហានិភ័យបណ្ដាលពីភាពមិនប្រាកដប្រជា និងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល រលកនៃការរីករាលដាល និង បម្លែងឥតឈប់ឈរនៃជំងឺកូវីដ-១៩ ភាពតានតឹងនៃភូមិសាស្ត្រនយោបាយនិងសន្តិសុខសកល ដែលបានជះឥទ្ធិពលមកលើ ស្ថានភាពសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្ដី ក៏ស្ថានភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធក្នុងរយៈពេល ៨ខែ ឆ្នាំ២០២២ នៅតែរក្សាបាន នូវស្ថានភាពល្អប្រសើរគឺតែងតែសម្រេចបានគ្រប់និងលើសផែនការកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ដែលបានឆ្លើយតបទៅនឹងតម្រូវការថវិកាសម្រាប់ការចំណាយនានារបស់រដ្ឋាភិបាល៕ដោយៈសិរីមតី