ព័ត៌មានជាតិ

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា បានចូលរួមកិច្ចប្រជុំជាមួយបណ្ដាប្រទេសG20 នៅប្រទេសឥណ្ឌូណេស៊ី

សៀមរាប៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌ជាមួយបណ្ដាប្រទេសG20 ក្នុងនាមជាប្រធានប្តូរវេនអាស៊ានផ្នែកវប្បធម៌និងសិល្បៈ ក្រោមប្រធានបទ “វប្បធម៌ដើម្បីការរស់នៅប្រកបដោយចីរភាព” (Culture for Sustainable Living) នៅទីក្រុងវប្បធម៌ Borobudur នៃប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ។

កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រីវប្បធម៌នៃបណ្ដាប្រទេស G20, តំណាងសហគមន៍អាស៊ាន (កម្ពុជា)តំណាងEU, UNESCO និងបណ្តាប្រទេសដៃគូសន្ទនាមួយចំនួនទៀត។

ក្រុមរដ្ឋមន្ត្រីវប្បធម៌នៃបណ្ដាប្រទេសG20 បានពិភាក្សាគ្នាលើគោលនយោបាយអាទិភាពមួយចំនួន ក្នុងវិស័យវប្បធម៌ ក៏ដូចជាការស្តារវិស័យវប្បធម៌ឡើងវិញ បន្ទាប់ពីការរាតត្បាតជាសកល ដោយជំងឺកូវីត-១៩ ការប្រែប្រួលអាកាសធាតុ ផលវិបាកនៃសង្គ្រាម និងវិបតិ្តសកលមួយចំនួនទៀតដែលប៉ះពាល់ដល់វិស័យវប្បធម៌។

ប្រទេសឥណ្ឌូណេស៊ី បានផ្ដួចផ្ដើមគំនិតពិភាក្សាស្តីពីការបង្កើតមូលនិធិសម្រាប់ស្តារវិស័យសិល្បៈ និងវប្បធម៌សកល(Global Arts and Culture Recovery Fund) ដែលបង្ហាញពីសារសំខាន់ក្នុងការរៀបចំមូលនិធិអន្តរជាតិមួយដើម្បីជួយអន្តរាគមន៍លើវិស័យវប្បធម៌ដល់ប្រទេសនានានៅក្រោយវិបត្តិជាសកលនេះ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជំទាវបណ្ឌិតសភាចារ្យ ភឿង សុកុណា បានបង្ហាញជំហរគាំទ្រចំពោះសកម្មភាពនានាទាក់ទងទៅនឹងវិស័យវប្បធម៌ ដែលបានលើក ឡើងក្នុងបទអន្តរាគមន៍ របស់សមាជិកនៃកិច្ចប្រជុំដែលឆ្លើយតបយ៉ាង សមស្របទៅនឹង សភាពការណ៍បច្ចុប្បន្ន ពិសេសគឺការអំពាវនាវឱ្យពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ជ្រាបវប្បធម៌នៅក្នុងសកម្មភាពអភិវឌ្ឍន៍ប្រកបដោយចីរភាព ការលើកទឹកចិត្តឱ្យមានការវិនិយោគប្រកបដោយចីរភាព ដែលផ្តល់តម្លៃនិងរួមចំណែក ក្នុងកិច្ចការពារធនធានវប្បធម៌ ដល់អ្នកបម្រើការក្នុងវិស័យវប្បធម៌ សិល្បៈ និងបេតិកភណ្ឌ ព្រមទាំងលើកទឹកចិត្តដល់ការផ្លាស់ប្តូររបៀបរស់នៅថ្មីក្នុងសង្គម ដោយឈរលើមូលដ្ឋាននៃវិញ្ញាតិ្តវប្បធម៌ សមធម៌ និងបរិយាប័ន។

ចំណុចសំខាន់ៗ នៃកិច្ចប្រជុំនៅទីក្រុងBorobudurប្រទេសឥណ្ឌូណេស៊ីបានលើកយកមកពិភាក្សាគ្នានេះ ក៏ស្របទៅនឹងខ្លឹមសារសំខាន់នៃសេចក្តីថ្លែងការណ៍រួម នៅសៀមរាបទីក្រុងវប្បធម៌អាស៊ាន(Siem Reap – ASEAN City of Culture) ដែលបានអនុម័តកាលពីពេលថ្មីៗកន្លងទៅនេះ ដោយអាស៊ាន បានផ្តោតសំខាន់ទៅលើការលើកកម្ពស់សហគមន៍អាស៊ានប្រកបដោយការច្នៃប្រឌិត និងការសម្របខ្លួនដើម្បីគាំទ្រដល់ចរន្តសេដ្ឋកិច្ចវប្បធម៌ក្នុងបរិបទថ្មី។

កាលពីសប្តាហ៍កន្លងទៅ ក្រុមរដ្ឋមន្ត្រីវប្បធម៌អាស៊ាននិងបណ្ដាប្រទេសជាដៃគូ បានរៀបចំសន្និសីទអន្តរជាតិ ស្តីពីការការពារនិងទប់ស្កាត់ការចរាចរជួញដូរសម្បតិ្តវប្បធម៌ ខុសច្បាប់នៅទីក្រុងសៀមរាប ហើយទស្សនៈពីអាស៊ាន នៅក្នុងសន្និសីទនោះ បានទទួលលទ្ធផលប្រកបដោយផ្លែផ្កាគួរជាទីពេញចិត្ត៕