ព័ត៌មានជាតិ

រដ្ឋបាលក្រុងព្រះសីហនុបន្តចុះរៀបចំ សណ្ដាប់ធ្នាប់តាមទីផ្សារសាធារណៈ

ខេត្តព្រះសីហនុ៖ រដ្ឋបាលក្រុងបានបន្តចុះយុទ្ធនាការរៀបចំសណ្ដាប់ធ្នាប់នៅទីតាំងផ្សារលើ​តាមផ្លូវសាធារណៈក្នុងក្រុងព្រះសីហនុ។

លោកជួប សីហា ប្រធានក្រុមការងារដឹកនាំការរៀបចំសណ្ដាប់ធ្នាប់ បានថ្លែងប្រាប់បណ្ដាញព័ត៌មានថា រដ្ឋបាលក្រុងព្រះសីហនុ សូមអរគុណដល់ប្រជាពលរដ្ឋចំនួន១៩ទីតាំង ដែលលក់ដូរនៅចំណីផ្លូវ​សាធារណៈលើកម្រាលក្រានីត មុខទីប្រជុំជនផ្សារពាណិជ្ជកម្ម-ក្នុងសង្កាត់លេខ២។

ការរៀបចំសណ្ដាប់ធ្នាប់នេះ ដោយក្រុមការងាររដ្ឋបាលក្រុង សហការជាមួយមន្ទីរ​សាធារណការ​និងមន្ទីរបរិស្ថាន។ជាមួយនោះបងប្អូនបានចូលរួមសហការនិងសន្យាស្ម័គ្រចិត្តបញ្ឈប់ការលក់ដូរ​នៅលើចំណីផ្លូវសាធារណ:ក្នុងក្រុង និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរក្នុងការរៀបចំសណ្តាប់ធ្នាប់ រក្សាអនាម័យបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង។

រដ្ឋបាលក្រុងសូមអំពាវនាវដល់ម្ចាស់លំនៅស្ថាន អាហារដ្ឋានគ្រប់ប្រភេទ អាជីវករនិង​ប្រជាពលរដ្ឋ​ទាំងអស់ កុំយកកម្រាលក្រានីត ឬកម្រាលការ៉ូឡាដើម្បីចត ឈប់យានជំនិះ លក់ដូរឬទុកដាក់សម្ភារ​ទាំងឡាយនៅលើកម្រាលក្រានីតនេះ៕

ដោយ៖វិចិត្រ