ព័ត៌មានជាតិ

ចូលខ្លួនទទួលកំហុសនិងបង់ពិន័យ១លានរៀល ករណីចោលសំរាមទីសាធារណៈ

ខេត្តព្រះសីហនុ៖ ថ្មីៗនេះអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន បានបង្ហោះសារក្នុងហ្វេសប៊ុក ផ្ទាល់ខ្លួនថា ព្រមានអ្នកដឹកសំរាមមកចោលនៅទីសាធារណៈ ហើយប្រញាប់ចូលខ្លួនមកដោះស្រាយ ជាបន្ទាន់។

បន្ទាប់ពីមានសារអភិបាលខេត្តព្រះសីហនុ បង្ហោះក្នុងហ្វេសប៊ុកព្រមានចាត់វិធានការលើអ្នកយក សំរាមមកបោះចោលនៅទីសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់បរិស្ថានទីក្រុងរួចមក រយៈពេល២ថ្ងៃ ក្រោយក៏មានបុរសម្នាក់ចេញមុខមកទទួលកំហុសនិងព្រមផាកពិន័យចំនួន១លានរៀលតាមច្បាប់ស្តីពីកិច្ចការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ មានបុរសម្នាក់បានយកសំរាមទៅបោះចោល នៅទីសាធារណៈ ស្ថិតនៅក្រោយស្ថានីយប្រេងកាល់តិច ក្នុងភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ បុរសរូបនោះឈ្មោះ កែវ តុលា អាយុ៣៨ឆ្នាំ។

នៅចំពោះមុខមន្ត្រីបរិស្ថានខេត្តកាលពីថ្ងៃទី១៣ ខែកញ្ញា បុរសនោះបានសារភាពកំហុស ហើយយល់ព្រមបង់ប្រាក់ផាកពិន័យចំនួន១លានរៀល។ឈ្មោះ កែវ តុលា បានសន្យាថា រូបគេឈប់បោះចោលសំរាមនៅតាមទីសាធារណៈទៀតហើយ។បើមានលើកក្រោយទៀត រូបគេសូមទទួលខុសត្រូវនៅចំពោះមុខច្បាប់ជាធរមាន៕

ដោយៈវិចិត្រ