ព័ត៌មានជាតិ

ខេត្តកំពង់ចាមប្រែក្លាយតំបន់ទឹកឆាឲ្យទៅជាអេកូទេសចរណ៍

កំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម បានរកឃើញដៃគូថ្មី ដើម្បីអភិវឌ្ឍន៍តំបន់ទឹកឆា ឲ្យទៅជាតំបន់អេកូទេសចរណ៍ និងបានស្នើឱ្យក្រសួងអភិវឌ្ឍន៍ជនបទជួយជំរុញដល់ ដៃគូអភិវឌ្ឍន៍ស្ថាបនាផ្លូវក្រាលកៅស៊ូចម្ងាយជិត ១០ គីឡូម៉ែត្រពីផ្លូវជាតិលេខ ៦ ឆ្ពោះមកកាន់តំបន់ទឹកឆា ដើម្បីសម្រួលដល់វិស័យកសិកម្ម និងវិស័យទេសចរណ៍។

លោកអភិបាលខេត្តកំពង់ចាមបានថ្លែងក្នុងន័យជំរុញបែបនេះ នៅចំពោះមុខមន្រ្តី មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងសហគមន៍នេសាទរាប់រយនាក់នាកាលពីពេលថ្មីៗនេះ ក្នុងពិធីលែងកូនត្រី និងដាំដើមឈើ ក្នុងតំបន់ទឹកឆា។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា៖ពាក់ព័ន្ធនឹងការអភិវឌ្ឍតំបន់ទឹកឆានេះ ឥឡូវយើងបានរកបានដៃគូថ្មី ដើម្បីអភិវឌ្ឍន៍ គឺបើចុះកិច្ចសន្យាស្របតាមលក្ខន្តិក ដែលបានកំណត់ក្នុងផែនការហើយ គឺរយៈពេលមួយឆ្នាំត្រូវធ្វើអ្វីខ្លះឱ្យបានច្បាស់លាស់ ដើម្បីឱ្យសក្តិសមជាតំបន់អេកូទេសចរណ៍។

លោកបានបន្តថា៖ មួយវិញទៀតអ្វីដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរកំពុងរង់ចាំ គឺផ្លូវក្រាលកៅស៊ូតភ្ជាប់ពីផ្លូវជាតិលេខ៦ ក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ឆ្ពោះមកកាន់តំបន់ទឹកឆា ក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ មានចម្ងាយជាងប្រាំបី គីឡូម៉ែត្រ គឺគម្រោងផ្លូវមួយខ្សែនេះខាងក្រសួងអភិវឌ្ឍន៍ជនបទ និងដៃគូអភិវឌ្ឍន៍បានចុះសិក្សារួចហើយ។ អីចឹងសូមជួយសម្រួលចុះអនុវត្តដំណើរការសាងសង់ឱ្យបានឆាប់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ដឹកជញ្ជួនកសិផល និងទាក់ទាញភ្ញៀវទេសចរ ឲ្យមកលេងកម្សាន្ត តំបន់អេកូទេសចរណ៍ទឹកឆានេះ។

ជាមួយនេះលោក ហឹម ទីន មេឃុំបឹងណាយបានឱ្យដឹងដែរថា៖ គម្រោងផ្លូវក្រាលកៅស៊ូមួយខ្សែដែលលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានស្នើឱ្យម្ចាស់គម្រោងក្រសួងអភិវឌ្ឍន៍ជនបទ ជួយជំរុញទៅកាន់ដៃគូអភិវឌ្ឍន៍ ចុះអនុវត្តគម្រោងស្ថាបនាឱ្យបានឆាប់នោះ មានប្រវែង ៨,៥០ គីឡូម៉ែត្រ និងទទឹងទំហំ ប្រាំមួយ ម៉ែត្រ។ ឆ្លងកាត់ឃុំសំពងជ័យ ស្រុកជើងព្រៃប្រវែងជាង ពីរ គីឡូម៉ែត្រ និងឃុំបឹងណាយ ស្រុកព្រៃឈរប្រវែងជាង ប្រាំមួយ គីឡូម៉ែត្រ។

លោកមេឃុំបឹងណាយបានបន្តថា៖ ផ្លូវដែលបែកចេញពីផ្លូវជាតិលេខ៦ មួយខ្សែនេះខាងក្រសួងអភិវឌ្ឍន៍ជនបទ និងដៃគូអភិវឌ្ឍន៍បានចុះសិក្សាផលប៉ះពាល់រួចច្រើនខែហើយ គឺនៅពេលសង់រួចមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋជាភ្ញៀវទេសចរ និងដឹកជញ្ជួនកសិផលនានាធ្វើដំណើរឆ្លងកាត់ទៅមកពីខេត្តកំពង់ធំ ចូលមកតំបន់ទឹកឆា ចេញទៅផ្សារព្រៃទទឹងផ្លូវជាតិលេខ៧ និងចេញទៅផ្សារបុសខ្នុរ ស្រុកចម្ការលើ៕ ដោយ៖ គង់ហេង