កីឡា

Kante បដិសេធ ក្នុងការបន្តកិច្ចសន្យាថ្មីជាមួយ Chelsea

ម្ដងនេះ អ្នកគាំទ្ររបស់ក្រុមតោខៀវ Chelsea ទំនងជាមិនស្រួលចិត្តនោះឡើយ បន្ទាប់ពីអ្នកសារព័ត៌មានដ៏ល្បីឈ្មោះ លោក David Ornstein បានរាយការណ៍ថា កីឡាករ N’Golo Kante បានបដិសេធ ក្នុងការបន្តកិច្ចសន្យារបស់ខ្លួនជាមួយក្លិប ដោយសារមិនពេញចិត្តនឹងលក្ខខណ្ឌលម្អិត ក្នុងក្រដាសកុងត្រា ដែលស្នើមក។

ខ្សែបម្រើ N’Golo Kante របស់ក្លិប Chelsea បានបង្ហាញឱ្យឃើញពីចេតនា ក្នុងការមិនបន្តអាជីពជាមួយក្លិបយក្សក្រុងឡុងដ៍ទៀតឡើយ ពេលកុងត្រាបច្ចុប្បន្ន ត្រូវអស់សុពលភាព ក្នុងឆ្នាំ២០២៣ បន្ទាប់ពីបានបដិសេធ ក្នុងការចុះហត្ថលេខាលើកិច្ចសន្យាថ្មី។ នេះបើតាមសេចក្ដីរាយការណ៍ពីអ្នកសារព័ត៌មានរបស់គេហទំព័រ The Athletic នោះ។

សេចក្ដីរាយការណ៍ បានបញ្ជាក់ថា កីឡាករ Kante មិនពេញចិត្តនឹងលក្ខខណ្ឌលម្អិតនានានៃកិច្ចសន្យាថ្មី ដែលស្នើមកឱ្យរយៈពេលត្រឹមតែ ២ឆ្នាំ ជាមួយនឹងជម្រើសបន្ត ១ឆ្នាំបន្ថែម កាលពីខែមុន ដោយសារក្ដីបារម្ភរបស់ក្លិបពីបញ្ហារបួស ដែលកើតមានឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តែកីឡាករវ័យ ៣១ឆ្នាំរូបនេះ ចង់បានរយៈពេល ៣ឆ្នាំ និងជម្រើសបន្ត ១ឆ្នាំបន្ថែម ហើយប្រសិនបើភាគីទាំង២ នៅតែរកផ្លូវបញ្ចប់មិនឃើញទេនោះ វានឹងធ្វើឱ្យក្រុមតោខៀវ ត្រូវបាត់បង់កីឡាករដ៏ឆ្នើមម្នាក់ ដោយឥតតម្លៃខ្លួន នារដូវក្តៅឆ្នាំក្រោយ។

បច្ចុប្បន្ននេះ កីឡាករ Kante នៅមិនទាន់អាចត្រឡប់មកទីលាន ដើម្បីលេងឱ្យក្រុម Chelsea វិញបានទេ បន្ទាប់ពីបានរងរបួសសរសៃពួរ ចាប់តាំងពីការប្រកួតជាមួយក្រុម Tottenham Hotspur កាលពីខែសីហាកន្លងទៅ។

Kante គឺជាកីឡាករស្នូលម្នាក់របស់ក្រុម Chelsea ចាប់តាំងពីផ្ទេរមកពីក្លិប Leicester City ក្នុងឆ្នាំ២០១៦ ដោយបង្ហាញខ្លួនបានចំនួន ២៦២លើក គិតក្នុងការប្រកួត នៅគ្រប់កម្មវិធីទាំងអស់៕