កីឡា

គ្រូបង្វឹករបស់ Sporting ថា ក្រុម Spurs របស់លោក Conte មានប្រៀបជាង

ក្រុម Tottenham Hotspur (Spurs) របស់លោក Antonio Conte គឺពិតណាស់ជាក្រុមមានប្រៀបជាងគេ ក្នុងការប្រកួត នៅក្របខ័ណ្ឌ Champions League ប្រចាំពូល D នាសប្តាហ៍នេះ។ នេះជាការលើកឡើងរបស់គ្រូបង្វឹកក្រុម Sporting Lisbon លោក Ruben Amorim កាលពីថ្ងៃចន្ទ នៅមុនថ្ងៃប្រកួតរបស់ពួកគេ ក្នុងប្រទេសព័រទុយហ្គាល់។

លោក Amorim បាននិយាយថា៖ «Spurs គឺច្បាស់ណាស់ជាក្រុមមានសិទ្ធិខ្ពស់ជាងគេ ក្នុងពូល។ ពួកគេគឺជាក្រុម ដែលមានតំបន់ប្រយុទ្ធដ៏ល្អបំផុតមួយ ក្នុងពិភពលោក ដោយមានគ្រូបង្វឹក ដែលឈ្នះជើងឯកលីគកំពូលទាំងនៅប្រទេសអ៊ីតាលី និងអង់គ្លេស និងកីឡាករលំដាប់ពិភពលោកជាច្រើន»។

«ពួកគេមានភាពរឹងមាំ ក្នុងការផ្លាស់ប្តូរតាមកាលៈទេសៈ និងមានគុណភាពណាស់ ក្នុងការរៀបចំទាត់បាល់ពិន័យផ្សេងៗ។ យើងនឹងត្រូវប្រុងប្រយ័ត្ន ព្រោះពួកគេនឹងដាក់ទណ្ឌកម្មយើងភ្លាមៗ សម្រាប់ការមានកំហុសតិចតួចបំផុត»។ លោក Amorim បានបន្ត។

ក្រុមទាំង២ ដណ្ដើមបាន ៣ពិន្ទុការប្រកួតបើកឆាករបស់ខ្លួនដូចគ្នា ដោយក្រុម Sporting ឈរលើគេក្នុងពូល បន្ទាប់ពីបានយកឈ្នះក្រុម Eintracht Frankfurt ៣-០ ហើយក្រុម Spurs នៅលេខ ២ ក្រោយមានជ័យជម្នះ ២-០ លើក្រុម Marseille។

លោក Amorim បានបន្ថែមថា៖ «ជាការពិតណាស់ ការប្រកួតមុននេះ ជួយបង្កើនទំនុកចិត្តឱ្យពួកយើង ហើយសម្ពាធនឹងធ្លាក់ទៅលើក្រុម Spurs ដោយសារជាក្រុមមានប្រៀបជាង និងល្អជាង»។

យ៉ាងណាក្ដី លោកក៏បានបញ្ជាក់ថា ក្រុម Spurs ក៏នឹងមានភាពធូរស្រាលផងដែរ ខណៈដែលមិនបានលេងការប្រកួត នៅក្របខ័ណ្ឌ Premier League របស់ពួកគេ ទល់នឹងក្រុម Manchester City ដោយសារការយាងសោយទិវង្គតរបស់ម្ចាស់ក្សត្រី Elizabeth II៕