កីឡា

Potter សង្ឃឹមថា អ្នកគ្រាំរបស់ Brighton យល់ពីការចាកចេញរបស់គាត់

អ្នកចាត់ការថ្មីរបស់ក្រុមតោខៀវ Chelsea លោក Graham Potter បានសរសេរសំបុត្រលាទៅកាន់អ្នកគាំទ្ររបស់ក្លិប Brighton & Hove Albion ដោយសុំការខន្តីអភ័យទោស ចំពោះការចាកចេញភ្លាមៗរបស់គាត់ ហើយសង្ឃឹមថា ពួកគេយល់ពីហេតុផលរបស់គាត់។

លោក Potter ត្រូវបានគេបញ្ជាក់ថា ជាអ្នកចាត់ការផ្លូវការរបស់ក្រុម Chelsea កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍កន្លងទៅ ពោលគឺត្រឹមតែជាង ២៤ម៉ោង បន្ទាប់ពីក្លិបយក្សទីក្រុងឡុងដ៍ បានបញ្ចប់តួនាទីរបស់លោក Thomas Tuchel។

បុរសសញ្ជាតិអង់គ្លេស ដែលទទួលបានកេរ្តិ៍ឈ្មោះ ក្នុងនាមជាគ្រូបង្វឹក ដែលអាចធ្វើឱ្យកីឡាកររបស់គាត់ មានភាពប្រសើរឡើង បានដឹកនាំក្រុម Brighton ឱ្យបញ្ចប់ក្នុងចំណាត់ថ្នាក់ល្អបំផុត នៅលីគកំពូល កាលពីរដូវកាលមុន នៅពេលដែលក្លិបឆ្នេរសមុទ្រភាគខាងត្បូងប្រទេសមួយនេះ បានឈរនៅលេខ ៩ ក្នុងក្របខ័ណ្ឌ Premier League។

លោក Potter បានសរសេររៀបរាប់ថា៖ «សម្រាប់អ្នកគាំទ្រខ្លះ ខ្ញុំទទួលស្គាល់ថា ការផ្លាស់ប្តូរដែលកើតឡើងភ្លាមៗ ក្នុងកីឡាបាល់ទាត់បែបនេះ អាចនឹងពិបាកទទួលយកបាន។ ខ្ញុំប្រហែលជាមិនអាចបញ្ចុះបញ្ចូលអ្នកទាំងអស់គ្នាឱ្យអត់ឱនទោស ចំពោះការចាកចេញរបស់ខ្ញុំទេ តែយ៉ាងហោចណាស់ ខ្ញុំចង់ឆ្លៀតឱកាសនិយាយពាក្យអរគុណ។ ខ្ញុំសង្ឃឹមថា អ្នកនឹងយល់ថា ក្នុងដំណាក់កាលនៃអាជីពរបស់ខ្ញុំនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវចាប់យកឱកាសថ្មីមួយ»។

ការប្រកួតចុងក្រោយរបស់លោក Potter ក្នុងនាមជាអ្នកចាត់ការរបស់ក្រុម Brighton គឺការមានជ័យជម្នះ ៥-២ លើក្រុម Leicester City ដែលលទ្ធផលនេះ ធ្វើឱ្យពួកគេឡើងមកឈរនៅលេខ ៤ ក្នុងតារាងពិន្ទុ ដោយមានគម្លាត ៣ពិន្ទុពីលើក្រុម Chelsea។

លោក Potter បានសរសេរទៀតថា៖ «ខ្ញុំមិនបានដឹងនៅពេលនោះថា វានឹងជាទីបញ្ចប់នោះទេ តែក្រឡេកមើល នាពេលនេះ ពួកយើង លេងបានល្អណាស់។ មានភាពវិជ្ជមានជាច្រើននៅក្នុងក្លិប។ ប៉ុន្មានថ្ងៃចុងក្រោយនេះ គឺជាពេលវេលាផ្លាស់ប្ដូរលឿន ដែលមិននឹកស្មានដល់។ ការចាកចេញពីទីលានហ្វឹកហាត់លើកចុងក្រោយ គឺជាពេលវេលាដ៏រំជួលចិត្តមួយ»។

«ចំពោះអ្នកស្នងតំណែងរបស់ខ្ញុំ មិនថា អ្នកណានោះទេ ខ្ញុំសូមចូលរួមអបអរសាទរ។ អ្នកនឹងបានធ្វើការឱ្យក្លិបដ៏អស្ចារ្យមួយ ដោយមានក្រុមដ៏អស្ចារ្យ ដែលគាំទ្រដោយប្រធាន និងក្រុមប្រឹក្សាភិបាលដ៏អស្ចារ្យ»។ Potter បានបន្ថែម៕