កីឡា

Antony នឹងមិនផ្លាស់ប្តូរស្ទាយល៍លេងរបស់ខ្លួនទេ

ខ្សែបម្រើស្លាបរបស់ Manchester United កីឡាករ Antony បានទទូចថា នឹងមិនមានផ្លូវផ្លាស់ប្តូរស្ទាយល៍ (របៀប) លេងរបស់ខ្លួនទេ បន្ទាប់ពីត្រូវអ្នកអត្ថាធិប្បាយដ៏ល្បីឈ្មោះលោក Jamie Carragher រិះគន់ ចំពោះការព្យាយាមបង្ហាញពីទេពកោសល្យរបស់ខ្លួនគ្រប់ពេល តែវាមិនផ្តល់ប្រយោជន៍ដល់ក្រុមទាល់តែសោះ។

កីឡាករអន្តរជាតិប្រេស៊ីល Antony បានផ្លាស់ពីក្លិប Ajax ហើយមកក្លាយជាកីឡាករសំណព្វចិត្តរបស់អ្នកគាំទ្របិសាចក្រហមភ្លាមមួយរំពេច នៅពេលដែលរូបគេស៊ុតបញ្ចូលទីបានភ្លាមៗ ក្នុងការប្រកួតបើកឆាក ដែលរួមចំណែកជួយក្រុមឱ្យទទួលជ័យជម្នះ ៣-១ លើក្រុម Arsenal នៅក្របខ័ណ្ឌ Premier League ក្នុងទឹកដី Old Trafford។

ទោះជាយ៉ាងណាក៏ដោយ Antony ក៏ចៀសមិនផុតពីការរិះគន់របស់លោក Carragher ខណៈពេលដែលវីរបុរសរបស់ក្រុមបិសាចក្រហម លោក Gary Neville ក៏បានយល់ស្របថា កីឡាកររូបនេះ បានប្រឹងលេងស្ទាយល៍ផ្ទាល់ខ្លួនច្រើនពេក ហើយវាគ្មានប្រយោជន៍ទេ ដោយជាក់ស្ដែង ពេលរូបគេព្យាយាមបញ្ឆោតកីឡាករ Oleksandr Zinchenko របស់ក្រុម Arsenal ជាមួយនឹងការប្រើប្រាស់សមត្ថភាពពិសេស តែមិនអាចទាញបាល់ចេញពីខ្សែការពារសញ្ជាតិអ៊ុយក្រែនបានឡើយ។

ជុំវិញការរិះគន់នេះ កីឡាករ Antony បានឱ្យដឹងតាមរយៈគេហទំព័ររបស់ក្លិប កាលពីថ្ងៃទី១១ ខែកញ្ញាថា រូបគេនឹងមិនផ្លាស់ប្តូររបៀបលេងរបស់ខ្លួនជាដាច់ខាត។

«ខ្ញុំតែងតែធ្វើបែបនេះជានិច្ច។ មិនត្រឹមតែនៅទីនេះទេ។ តែជាមួយនឹងក្រុមទាំងអស់ដែលខ្ញុំលេងឱ្យ។ ខ្ញុំបានធ្វើវាតាំងពីខ្ញុំនៅក្មេង ខ្ញុំតែងតែធ្វើវា ហើយវាជាផ្នែកមួយនៃបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំកំពុងព្យាយាមសម្របខ្លួន និងស៊ាំនឹងអ្វីៗនៅទីនេះ។ ការលេងដោយរីករាយ គឺជារឿងមួយដែលខ្ញុំចូលចិត្ត ហើយខ្ញុំនឹងបន្តធ្វើវារហូត»។ នេះជាការរៀបរាប់របស់កីឡាករវ័យ ២២ឆ្នាំ៕