ព័ត៌មានជាតិ

ទឹកជំនន់ហូរបុកបាក់ទំនប់អូរសណ្តាន់ ប្រជាពលរដ្ឋមិនអាចធ្វើដំណើរបាន

បន្ទាយមានជ័យ៖ ជំនន់ទឹកភ្លៀងបានហូរបុកបាក់ទំនប់អូរសណ្តាន់ ហើយហូរមកប៉ះសំណង់ បង្ហៀរទឹកព្រែកសឿ បណ្តាលឱ្យប្រជាពលរដ្ឋមិនអាចធ្វើដំណើរឆ្លងកាត់បានឡើយ។

គ្រោះធម្មជាតិបង្កឱ្យបាក់ទំនប់នោះ ស្ថិតក្នុងភូមិមាក់ក្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកញ្ញា។ពលរដ្ឋបានប្រាប់ថា ទំនប់អូរសណ្តាន់ដែលបានបាក់ ធ្វើឱ្យទឹកហូរខ្លាំងធ្លាក់ទៅសំណង់បង្ហៀរទឹកព្រែកសឿ គឺពលរដ្ឋមិនអាចធ្វើដំណើរនិងដឹកកសិផល បានឡើយ។

លោក ជា ទី មេឃុំសឿបានឱ្យដឹងថា ក្រោយបាក់ទំនប់ទឹកការពារសំណង់អូរសណ្តាន់ ទឹកហូរខ្លាំង មកពីខាងស្រុកបវេល ខេត្តបាត់ដំបង ធ្លាក់មកលើសំណង់ព្រែកសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ទឹកជំនន់ហក់ឡើងខ្លាំង ប្រឈមប៉ះពាល់ស្រូវប្រជាកសិករដែលមិនទាន់ ប្រមូលផល។

លោកមេឃុំបានបន្តថា សំណង់ព្រែកសឿ ជាផ្លូវឆ្លងកាត់ពីស្រុកមង្គលបុរីទៅស្រុកម៉ាឡៃ និងជាផ្លូវប្រជាកសិករដឹកកសិផល។ក្រោយទឹកជំនន់បានហូរកាត់សំណង់បង្ហៀរព្រែកសឿ មិនអាចឱ្យពលរដ្ឋធ្វើដំណើរតាមមធ្យោបាយផ្សេងៗបានឡើយ ព្រោះទឹកហូរខ្លាំង៕

ដោយ៖វិចិត្រ