ព័ត៌មានជាតិ

ក្រុមឧត្តមមន្ត្រីនៃសេដ្ឋកិច្ចអាស៊ាន ប្រជុំនៅសៀមរាប ត្រៀមសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤

សៀមរាប៖ ក្រុមឧត្តមមន្ត្រីផ្នែកសេដ្ឋកិច្ចមកពីបណ្ដាប្រទេសជាសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា(អាស៊ាន ASEAN) បានជួបប្រជុំគ្នាចាប់ពីថ្ងៃទី១១និងទី១២ ខែកញ្ញា នៅក្នុងសាលសន្និសីទសុខា នាខេត្តសៀមរាប ដើម្បីរៀបចំឯកសារនិងរបៀបវារៈនានា ត្រៀមដាក់ជូនកិច្ចប្រជុំក្រុមរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ -១៥ និងទី១៦ខែកញ្ញាខាងមុខ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោកប៉ែន សុវិជាតិ មានប្រសាសន៍ថា កិច្ចប្រជុំត្រៀមពេញមួយថ្ងៃនេះ និងថ្ងៃស្អែក សុទ្ធតែជាកិច្ចប្រជុំរបស់ឧត្តមមន្ត្រីសេដ្ឋកិច្ច អាស៊ាន ដើម្បីពិនិត្យទៅលើឯកសារផ្សេងៗ រៀបចំឯកសារសំខាន់សម្រាប់ប្រមូលនូវធាតុចូល និងរៀបចំនូវរៀបវារៈ សម្រាប់ត្រៀមដាក់ជូនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី។

លោក ប៉ែន សុវិជាតិ មានប្រសាសន៍ទៀតថា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធនេះ គឺកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងនោះក្រសួងពាណិជ្ជកម្ម ជាស្ថាប័នដើរតួនាទី​ផ្ទាល់ក្នុងការរៀបចំ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤រហូត​ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដោយមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីបើកកម្មវិធីនោះ  ក៏នឹងមានក្រុមរដ្ឋមន្ត្រីមកពីច្រើនប្រទេសដែលជាដៃគូ ក្រៅពីសមាជិកសមាគមអាស៊ាន អញ្ជើញចូលរួមផងដែរ។

ប្រទេសដែលក្រៅពីសមាជិកសមាគមអាស៊ាន ដែលនឹងត្រៀមចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី​សេដ្ឋកិច្ចអាស៊ានលើកទី៥៤ ទាំងនោះមានអង្គការជាដៃគូមួយចំនួន ដូចជាប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ (ROK កូរ៉េខាងត្បូង) ប្រទេសអូស្ត្រាលី ណូវ៉េលសេឡង់ (New Zealand ) ហុងកុង ឥណ្ឌា សហភាពអឺរ៉ុប ( EU ) សហរដ្ឋអាម៉េរិក (USA) កាណាដា  រុស្ស៊ី ចក្រភពអង់គ្លេស(UK) និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ហៅកាត់ថា WIPO (World Intellectual Property Organisation) ជាដើម៕